ពង្រីក​បណ្តោយ​ផ្លូវ​សុធារស​បន្ថែម​៣​ម៉ែត្រ​ទៀត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 February, 2015 ក+ ក-

​ភ្នំពេញ​៖  នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៥ មាន​កិច្ចប្រជុំ​ត្រួតពិនិត្យ​សន្ដិសុខ សណ្ដាប់ធ្នាប់ និង​ចរាចរ​នៅ​តំបន់​ជុំវិញ​កោះ​ពេជ្រ និង​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្រោម​អធិបតីភាព លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ជាមួយ​អាជ្ញាធរ​ខណ្ឌ និង​គណៈ​គ្រប់គ្រង​កោះ​ពេជ្រ​។ តាមរយៈ​កិច្ចប្រជុំ​នោះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បានសម្រេច​ពង្រីក​ផ្លូវ​សុធារស បន្ថែម​៣​ម៉ែត្រ និង​កំណត់​ផ្លូវ​មួយចំនួន​ជា​ផ្លូវ​ឯកទិស​។​
​លទ្ធផល​នៃ​កិច្ចប្រជុំ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែកុម្ភៈ ត្រូវបាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ ប្រកាសថា​៖

១.​កត្តា​សណ្ដាប់ធ្នាប់ និង​ចរាចរ​ណ៏​៖
​ក​.​តំបន់​ជុំវិញ​កោះ​ពេជ្រ​៖
– ពង្រីក​ផ្លូវ​សុធារស​បន្ថែម​ទំហំ​៣​ម៉ែត្រ ជាមួយ​ប្រព័ន្ធ​លូ ហើយ​ដាក់​ផ្លូវ​នេះ ជា​ផ្លូវ​ឯកទិស​ពី​មហាវិថី​ព្រះ​នរោត្តម មកដល់​ស្ថានទូត​រុស្សី​។​
– កំណត់​វិថី ស​.​បិត ពី​ស្ពាន​នាគ​ភ្លោះ រហូតដល់​ស្ពាន​តន្ត្រី​កោះ​ពេជ្រ​ជា​ផ្លូវ​ឯកទិស​
– ហាមឃាត់​ការលក់ដូរ​អាណាធិបតេយ្យ​គ្រប់​ប្រភេទ នៅលើ​សួនច្បារ​លោក ហ៊ុន សែន​
– ចំពោះ​ការដ្ឋាន​សាងសង់​របស់ NAGA នឹងមាន​ក្រុមការងារ​មួយ​ចុះ​ត្រួតពិនិត្យ​បច្ចេកទេស​លម្អិត និង​ប្លង់​ស្ថាបត្យកម្ម ដើម្បី​ធានា​នូវ​សុវត្ថិភាព និង​របៀបរៀបរយ​។​

​ខ​.​មជ្ឈមណ្ឌល​កោះ​ពេជ្រ​៖
– កំណត់​វិថី​សុភមង្គល​ជា​ផ្លូវ​ឯកទិស​
– ដក​ចំណត​ទាំងអស់​មុខ​រោងការ ពី​អគារ A​ដល់​L
– បន្ថែម​ចំណត​ដែល​អាច​ផ្ទុក​រថយន្ដ​ប្រមាណ ១០០០​គ្រឿង​មួយកន្លែង​បន្ថែម​។​

២.​កត្តា​សន្ដិសុខ​៖
​ពង្រឹង​ក​ម្លាំ​សន្ដិសុខ ក្នុង​តំបន់​កោះ​ពេជ្រ ដោយ​សហការ​ជាមួយ​គណៈបញ្ជាការ​ខណ្ឌ​-​សង្កាត់​។​

បន្ថែម​ពីលើ​នេះ ដើម្បី​សម្រួល​ប្រព័ន្ធ​ចរាចរ​បន្ថែម​នៅ​តំបន់​ជុំវិញ និង​មជ្ឈមណ្ឌល​កោះ​ពេជ្រ សាលា​រាជធានី​ភ្នំពេញ នឹង​សហការ​ជាមួយ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ នឹង​គ្រោង​សាងសង់​ស្ពាន​មួយ​បន្ថែមទៀត​៕

mn85