ខេត្តបន្ទាយមានជ័យ៖ពលករខ្មែរលួចឆ្លងដែនខុសច្បាប់ចំនួន៦២នាក់ ត្រូវបានទាហានឈុតខ្មៅថៃចាប់ឃាត់ខ្លួន ខណៈពួកគេកំពុងដើរឆ្លងអូរព្រំដែនចេញពីក្រុងប៉ោយបែត ឆ្ពោះទៅកាន់ទឹកដីថៃដើម្បីរកការងារធ្វើ។
ប្រភពព័ត៌មានឲ្យដឹងថា ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងែទី១៨ ខែមេសា ដោយក្នុងចំណោមពលករទាំង៦២នាក់នេះ គឺស្រី២១នាក់គ្មានឯកសារអ្វីទាំងអស់។ ប្រភពបន្តថា ពួកគេដើរឆ្លងកាត់អូរព្រំដែនតាមរយៈមេខ្យល់ដែលយកម្នាក់ៗ២ពាន់បាតទៅ៣ពាន់បាត ដោយធានាជូនដល់គោលដៅតាមបណ្តាខេត្ត ក្នុងប្រទេសថៃ តែមិនទាន់ដល់គោលដៅផងក៏ត្រូវសមត្ថកិច្ចថៃចាប់ ។
ប្រភពព័ត៌មានដដែលបន្តថា រីឯពលករ៦នាក់ទៀត ៤នាក់កាន់កាតអន្តោប្រវេសន៍ក្លែងក្លាយ និង២នាក់កាន់លិខិតឆ្លងដែនដែលកន្លងមកឆ្លងព្រំដែនមិនបានបំពេញឯកសារចេញចូល គឺមិនបានវាយបិទឬបើក ។ ទោះបីជាបែបណា ពលករទាំង៦២នាក់នេះ មិនត្រូវបានសមត្ថកិច្ចថៃយកទោសពៃរ៍អ្វីឡើយ ដោយអះអាងថា ក្រោយពីសួរនាំរួចនឹងបញ្ជូនត្រឡប់មកវិញ ។
ប៉ុន្តែមេបញ្ជាការយោធាឈុតខ្មៅកងរយ១២០១ បានសំណូមពរឲ្យអាជ្ញាធរ និងសមត្ថកិច្ចកម្ពុជានៅក្រុងប៉ោយប៉ែត មេត្តាជួយផ្សព្វផ្សាយយ៉ាងណាដល់ពលករសុំកុំឲ្យឆ្លងដែនខុសច្បាប់និងជួយទប់ស្កាត់ផង ព្រោះបញ្ហាចំណាកស្រុកខុសច្បាប់នេះ ខាងថៃចាប់បានរាល់ថ្ងៃមិនចេះអស់ទាល់តែសោះ ។
ចំពោះពលករស្របច្បាប់ដែលបានវិលត្រឡប់មកចូលរួមក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក៏ចាប់ផ្តើមវិលពីស្រុកកំណើតទៅកាន់ប្រទេសថៃវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតយ៉ាងច្រើនកុះករដែរ ៕