ភ្នំពេញ៖រយៈពេល២ខែកន្លងទៅនេះបទល្មើសជួញដូរចែកចាយនិងប្រើប្រាស់គ្រឿងញៀននៅភូមិសាស្ត្រក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានធ្វើឲ្យពលរដ្ឋក្នុងមូលដ្ឋាននេះភ័យខ្លាចយ៉ាងខ្លាំងពីបញ្ហាអសន្តិសុខសង្គម ព្រោះការបង្ក្រាបរបស់សមត្ថកិច្ចនៅមានកម្រិត ដូចជាករណីប្លន់ប្រដាប់អាវុធ ករណី បាញ់បោះអនាធិបតេយ្យ ចោរឆក់តាមដងផ្លូវ ចោរកាច់សោកម៉ូតូ និងចោរគាស់ផ្ទះប្រជាពលរដ្ឋយកទ្រព្យសម្បត្តិ បានកើតឡើងជាបន្តបន្ទាប់ធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំង។
ប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះដែល រស់នៅភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានប្រាប់អោយដឹងថា នៅជិតផ្ទះរបស់គាត់មានក្រុមក្មេងស្ទាវជំទងៗទាំងប្រុសទាំងស្រី បានប្រមូលផ្តុំគ្នាសម្ងំប្រើប្រាស់គ្រឿងញៀន និងជួញដូរគ្រឿងញៀន នៅក្នុងបន្ទប់ជួល ហើយគាត់បានលួចរាយការណ៍ទៅសមត្ថកិច្ច២-៣ដងដែរ តែហាក់ដូចជាអត់ប្រយោជន៍ទាល់តែសោះ។
ទន្ទឹមនឹងនេះប្រជាពលរដ្ឋនៅតែព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាអសន្តិសុខសង្គម ហើយអំពាវនាវឲ្យលោក អនុសេនីយទោ សៅ សារិទ្ធ ស្តីទីប៉ុស្តិ៍នគរបាលចោមចៅ និង អធិការខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ សូមមេត្តាយកចិត្តទុកដាក់ ក្នុងការអនុវត្តគោល នយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុចដើម្បីពង្រឹងសន្តិសុខសង្គម។ ក្នុងនោះការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ការបង្ក្រាបបទ ល្មើសចែកចាយជួញដូរប្រើប្រាស់គ្រឿងញៀន និងអំពើចោរកម្មលួចប្លន់ គឺជាបញ្ហាចាំបាច់បំផុត៕