ពលករ​ខ្មែរ​ដេក​ពេញ​ព្រៃ​តាម​ព្រំដែន​បម្រុង​ឆ្លងទៅ​​ប្រទេស​ថៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 April, 2017 ក+ ក-

​ខេត្តបន្ទាយមានជ័យ​៖​ពលករ​ចំណាកស្រុក​រាប់រយ​នាក់​ក្នុង​មួយថ្ងៃៗ បាន​ស្ទះ​ដំណើរ​តាម​មាត់​ច្រករបៀង​មួយចំនួន​ក្នុងស្រុក​អូរជ្រៅ ដើម្បី​ឆ្លងដែន​ចូលទៅ​ដី​ថៃ ហើយ​បាននាំគ្នា​ដេក​រដូករណែល​ក្នុងព្រៃ​អត់បាយ​ក្រហាយ​ទឹក​ខ្លះ​មាន​ទាំង​កូនតូច​ដេក​ហាល​ទឹកសន្សើម ទឹកភ្លៀង​មើលទៅ​គួរ​ឲ្យ​ស​ង្វែ​គ​ណាស់​។​
​បើតាម​ការសាកសួរ​ទៅ​ពលករ​ខាងលើ​គឺ​៩០​ភាគរយ​អះអាងថា ធ្លាប់មាន​ការងារ​ធ្វើតាម​បណ្តា​ខេត្ត​ក្នុងប្រទេស​ថៃ ប៉ុន្តែ​ពួកគេ​វិល​ត្រឡប់មក​កម្ពុ​ជាមុន​ពិធីបុណ្យ​ចូលឆ្នាំថ្មី ដោយ​គ្មាន​លិខិតអនុញ្ញាត​ពី​មន្ទីរ​ការងារ ដែល​ស្នើសុំ​ដោយ​ថៅកែ​របស់​ពួកគេ​ទេ ទើប​វិលត្រឡប់​ចូល​តាម​ច្រករបៀង​នានា​តាម​បន្ទាត់​ព្រំដែន ដោយ​លួចលាក់​បែបនេះ ទៅដល់​កន្លែងធ្វើការ​ថៅកែ​គេ​នឹង​ទទួលយក​ឲ្យ​ធ្វើការ​។​
​ក្រុម​ពលករ​មួយចំនួន​និយាយថា មកដល់​ព្រំដែន​២​ទៅ​៣​យប់​ហើយ​អត់​មានទឹក​ងូត​ទេ ត្រូវ​ក្រុម​មេខ្យល់​ដាក់​ឲ្យ​ដេក រង់ចាំ​រថយន្ត​ថៃ​មក​ទទួល​ខណៈ​ពលករ​ខ្លះ​និយាយថា ដំបូង​បាន​ទៅ​ច្រកព្រំដែន​ក្នុង​ខេត្តបាត់ដំបង ជា​កន្លែង​ដែល​ពួកគេ​ឆ្លងដែន​មកពី​ដី​ថៃ ។ លុះ​ក្រោយ​បញ្ចប់​ពិធីបុណ្យ​ចូលឆ្នាំថ្មី ត្រឡប់​ទៅតាម​ច្រករបៀង​ដដែល​នេះ​បែរជា​គេ​ហាមឃាត់ ទើប​នាំគ្នា​សម្រុក​មករក​ច្រករបៀង​ក្នុងស្រុក​អូរជ្រៅ​វិញ​ម្តង​ក្រែង​ស្រួល​ជាង ។​
​ការចេញដំណើរ​ចូលទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ត្រូវបាន​កំណត់​លើ​មេខ្យល់​មាន​វគ្គ​មាន​លេខ​រៀង​ម្តង​៤០​នាក់ តម្រូវ​តាម​រថយន្ត​ថៃ ដោយ​មនុស្ស​ដើរ​តែ​ខ្លួន​កាត់​ព្រៃ​ទម្រាំ​រថយន្ត​មក​ដឹក ព្រមទាំង​មាន​រថយន្ត pick up ខ្មែរ​ដឹក​កាបូប ឬអី​វ៉ាន់​ទៅតាម​ក្រោយ ។ ក្រុម​ពលករ​ខ្លះ​ថា ពួកគេ​ចំណាយ​ម្នាក់​២.៣០០​បាត ឯ​ខ្លះ​ថា​៣.០០០​បាត តាម​គោលដៅ​ជិត​ឫ​ឆ្ងាយ​។ អ្នកមាន​កន្លែងដេក​ត្រឹមត្រូវ​ហាក់​ស្ងប់ស្ងាត់ ប៉ុន្តែ​សម្រាប់​អ្នក​ដេក​តាម​ក្រោម​ដើមឈើ និង​ហាលសន្សើម​មាន​ទាំង​កូនតូច​ទៅជា​មួយ​ផង​ចាំ​នៅ​បរិវេណ​ឈរជើង​របស់​យោធា​ខ្មែរ​ជាប់​ខ្សែ​ព្រំដែន ។ គ្រប់គ្នា​រអ៊ូរទាំ​ថា ពិតជា​ពិបាក​ណាស់​ហើយ​ថា បើ​នៅតែ​មិនមាន​រថយន្ត​មក​ដឹក​ទេ ពួកគេ​អះអាងថា នឹង​ត្រឡប់​ទៅ​ស្រុក​វិញ​ហើយ​។​
​ជុំវិញ​ករណី​ខាងលើ​ក្រុម​យោធា​និយាយថា ពិបាក​ក្នុងការ​ទប់ស្កាត់​ណាស់ ដោយសារ​មួយរយៈ​ចុង​ក្រោយនេះ​សមត្ថកិច្ច​ថៃ​ពង្រឹង​ទប់ស្កាត់​ពលករ​ឆ្លងដែន​ខុសច្បាប់ ចូលទៅ​ទឹកដី​របស់គេ ម្យ៉ាង​ក្រុម​ពលករ ត្រូវ​ក្រុម​មេខ្យល់​ដឹក​ទៅ​ដាក់​ចោល​តាម​បន្ទាត់​ព្រំដែន ទើប​មាន​ពលករ​កកស្ទះ​នៅតាម​ច្រករបៀង​យ៉ាង​ដូច្នេះ​។​
​ចំពោះ​បញ្ហា​នេះ​ហាក់​បាន​ក្លាយទៅជា​ការឆ្លង​ដែន​ធម្មតា​ទៅហើយ សម្រាប់​ពលករ​ចំណាកស្រុក​ខ្មែរ​ដែល​តែង​សម្រុកចូល ទៅ​ប្រទេស​ថៃ​វិញ​នៅក្រោយ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ។​មើលឃើញ​ជាក់ស្តែង​ពិតជា​ល្ហេ​ម​ល្ហា​ម​មែនហើយ ដែល​ពួកគេ​ប្រថុយ​គ្រោះថ្នាក់​បែបនេះ ។​
​នៅ​ស្រុក​ខ្មែរ​យើង​មាន​ការដ្ឋាន​សំណង់​ច្រើនណាស់ រក​ពលករ​ធ្វើការ​មិនបាន​គ្រប់គ្រាន់​ទេ ទីណា​ក៏​ខ្វះ​កម្លាំង​ពលកម្ម​ដែរ មិនគួរ​ធ្វើ​កម្ម​បែបនេះ​សោះ​រីឯ​ប្រាក់កម្រៃ​ក៏​សមរម្យ​គួរសម​ផងដែរ ៕

unnamed-13unnamed4