ដោយ៖ប៉ែន សុផល
បាត់ដំបង៖នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ អាជ្ញាធរក្រុងបាត់ដំបងបានរៀបចំបំពាក់ភ្លើងស្តុបចំនួន៥ទីតាំងបន្ថែមដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ លើកកម្ពស់សោភ័ណ្ឌភាពក្រុង និងជួយទាក់ទាញទៅដល់វិស័យទេសចរណ៍ផងដែរ។
លោក សៀងឯម វូនស្ហី អភិបាលក្រុងបាត់ដំបងបានមានប្រសាសន៍លើកឡើងថា៖ដោយខេត្តបាត់ដំបងកំពុងមានការអភិវឌ្ឍន៍និងរីកចំរើនស្ទើរគ្រប់វិស័យ ពិសេសវិស័យទេសចរណ៍ដែលកំពុងត្រូវបានទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមករស់នៅច្រើនយ៉ាងវិញទៀតមធ្យោបាយនៃការធ្វើដំណើរ ក៍បានកើនឡើងពីរមួយឆ្នាំទៅមួយឆ្នាំធ្វើអោយមានការកកស្ទះនិងបង្ករអោយកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ផងនោះ ទើប រដ្ឋបាលខេត្តបាត់ដំបងក្រោមការដឹកនាំរបស់ឯកឧត្តម ច័ន្ទ សុផល ជាអភិបាលខេត្តលោកបានយកចិត្តទុកដាក់និងជម្រុញអោយបំពាក់ភ្លើង ស្តុបបន្ថែមជាបន្តបន្ទាប់នៅតាមផ្លូវបំបែកសំខាន់ៗ។
លោកបានបន្តថា ដោយរយៈពេលកន្លងមកក្រុងបាត់ដំបងបានបំពាក់ភ្លើងស្តុបចំនួន៤ទី តាំងរួចមកហើយនៅចំណុចផ្លូវបំបែកសំខាន់ៗដូចជា -ផ្លូវមុន្នីវង្ស -ផ្លូវរំចេក -ផ្លូវបាណន់ -និងផ្លូវដំណាក់ហ្លួងហើយទទួលបានភាពជោគជ័យខ្ពស់ក្នុងការរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ទើបនៅថ្ងៃនេះលោកបានដឹកនាំកម្លាំងចុះដាក់បំពាក់ចំនួន៥ទីតាំងបន្ថែមទៀតដូចជាចំណុចផ្លូវបំបែកស្វាយប៉ោ -ផ្លូវបំបែកផ្សារលើ -ផ្លូវបំបែក២ធ្នូ -ផ្លូវបំបែកផ្កាស្លារ -និងផ្លូវបំបែកបែកចាន ដែលនៅក្នុងគម្រោង៣ឆ្នាំធ្វើអោយបានចំនួន១៥ទីតាំងក្នុងក្រុងបាត់ដំបង។
លោកបានបន្តទៀតថា៖ការដែលរដ្ឋបាលខេត្តប្រឹងប្រែងជម្រុញអោយដាក់បំពាក់ភ្លើងស្តុបទាំងអស់នេះក្នុងគោលបំណងបញ្ជៀសនិងកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានឡើងជាយថាហេតុ និងលើកកម្ពស់សោភ័ណ្ឌភាពក្រុង ទាក់ទាញភ្ញៀវទេសចរជាតិនិងភ្ញៀវទេសចរអន្តរជាតិអោយចូលចិត្តនិងចង់ចូលមករស់នៅក្នុងទឹកដីខេត្តមួយនេះអោយកាន់តែច្រើនឡើងច្រើនឡើង។
ហើយក្នុងនោះដែររដ្ឋបាលខេត្តបាត់ដំបងក៍បានសហការជាមួយមន្ត្រីជំនាញនគរបាលចរាចរណ៍ផ្លូវគោកខេត្តក៍ដូចជាមន្ត្រីជំនាញនៃមន្ទីរសាធារណះការខេត្តក្នុងការរៀបចំដាក់គំនូស ស្លាកសញ្ញានៅចំណុចគ្រោះថ្នាក់ជាបន្តបន្ទាប់បន្ថែមទៀតដែរ។
ហើយអ្វីដែលពិសេសទៅទៀតនោះ សមិទ្ធផលដែលកើតមានហើយលោកសំណូមពរទៅដល់ប្រជាពលរដ្ឋអោយចូលរួមថែរក្សានិងជួយរាយការណ៍នៅពេលដែលមានរថយន្តដឹកទំនិញ សំពីង សំពោងបើកឆ្លងកាត់បង្ករអោយទាក់ដាច់ខ្សែរភ្លើង នោះផងដែរ៕