ឃាតករ ជួប សម្លាប់ សម្រេច​ប្តឹង​ឧទ្ធរណ៍
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 April, 2017 ក+ ក-

រាជធានី​ភ្នំពេញ​៖​មេធាវី​ការពារ​ក្ដី​ជួប សម្លាប់ គឺ លោក យុង ផានិត ថ្លែងប្រាប់​នៅ​ព្រឹក​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៧ ថា លោក​បានដាក់​ពាក្យបណ្ដឹង​ឧទ្ធរណ៍​កាលពី​ថ្ងៃទី​២០ ខែមេសា តាម​ឆន្ទៈ​របស់​កូនក្តី ។ លោក​មេធាវី អះអាងថា មូលហេតុ​នៃ​ការប្តឹង​ឧទ្ធរណ៍​នេះ ដោយសារ ជួប សម្លាប់ យល់ថា ទោស​ជាប់ពន្ធនាគារ​អស់​មួយជីវិត គឺ ធ្ងន់ធ្ងរ​ពេក​ដែល​ធ្វើ​ឲ្យ​គេ​គ្មាន​ឱកាស​កែប្រែ​កំហុស ហើយ​គេ​សង្ឃឹមថា សាលាឧទ្ធរណ៍​នឹង​ផ្តល់​ស្ថានសម្រាលទោស​ដល់​រូបគេ ។​
​គួរ​បញ្ជាក់ថា ជនជាប់ចោទ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៧ ផ្តន្ទាទោស​អស់​មួយជីវិត ពាក់ព័ន្ធ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី ក្រោម​ការចោទប្រកាន់​ពីបទ​ឃាតកម្ម​គិតទុក​ជាមុន និង​បទ​រក្សាទុក​អាវុធ​ខុសច្បាប់ តាម​មាត្រា​២០០​និង​មាត្រា​៤៩០​នៃ​ក្រមព្រហ្មទណ្ឌ ។​
​លោក យុង ផានិត ធ្លាប់​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា តុលាការ​សម្រេច​បំបែកសំណុំរឿង​បន្ថែម ដើម្បី​ស៊ើបអង្កេត​រក​អត្តសញ្ញាណ​អ្នក​ដែល​ផ្តល់​អាវុធ​ដល់ ជួប សម្លាប់ និង អត្តសញ្ញាណ​អ្នក​ដែល​នាំ​ជួប សម្លាប់ ឲ្យ​ស្គាល់​បណ្ឌិត កែម ឡី ។​
​នា​សវនាការ​កន្លងទៅ ជនជាប់ចោទ អឿ​ត អាង ហៅ​ជួប សម្លាប់ នៅតែ​សារភាពថា ខ្លួន​ពិតជា​អ្នកបាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ពិតប្រាកដ​មែន ហើយ​សកម្មភាព​នេះ គឺ ខ្លួន​ធ្វើ​តែម្នាក់ឯង ពុំមាន​អ្នក​នៅ​ពីក្រោយ​ខ្នង​នោះទេ បើទោះបីជា​ក្រុមគ្រួសារ​នៃ​សព​មិន​ជឿ​ក៏ដោយ ។​
​ជនជាប់ចោទ ជួប សម្លាប់ អះអាង​ទៀតថា មូលហេតុ​ដែល​ខ្លួន​សម្លាប់​លោក​បណ្ឌិត កែម ឡី ព្រោះ​ខឹង​នឹង​ជនរងគ្រោះ​ដែល​ជំពាក់​ប្រាក់​ចំនួន​៣០០០​ដុល្លារ មិន​ព្រម​សង ទើប​ខ្លួន​ធ្វើ​សកម្មភាព​បែបនេះ​តែម្តង ។​
​នៅក្នុងពេល​សវនាការ តុលាការ​ក៏បាន​បង្ហាញ​កាមេរ៉ា​សុវត្ថិភាព​នៅ​បរិវេណ​ក្នុង​ស្តារ​ម៉ា​ត រហូតដល់​ចំណុច​មុខ​វត្ត​ស្វាយ​ពពែ ដែល​បង្ហាញថា ក្នុង​អំពើ​ឃាតកម្ម​នេះ គឺ មានតែ​ជនជាប់ចោទ ជួប សម្លាប់ ម្នាក់​ប៉ុណ្ណោះ​។ រីឯ ក្រយៅដៃ​លើ​កាំភ្លើង ត្រូវបាន​លទ្ធផល​កោសល្យវិច័យ​បង្ហាញថា ពិតជា​ក្រយៅដៃ​របស់ ជួប សម្លាប់ ពិតប្រាកដ​មែន​។​
​គួរ​បញ្ជាក់ថា អឿ​ត អាង ហៅ​ជួប សម្លាប់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​បាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី កាលពី​វេលា​ម៉ោង​៨៖៥០​នាទី ព្រឹក​ថ្ងៃទី​១០​ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្នុង​ទីតាំង ស្តារ​ម៉ា​ត នៃ​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច បូកគោ ស្ថិតនៅ​កាច់ជ្រុង​មហាវិថី​ព្រះមុនីវង្ស និង មហាវិថី​ម៉ៅ​សេទុង ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​៕

ang8551