ខេត្តរតនគិរី៖ស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី ផែន ឌីណា បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីមនុស្សឃាតកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០០៩នៅចំណុចភូមិអូរតាប៉ាង ឃុំឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ត្រីបន្តថា ការឃាត់ខ្លួននេះធ្វើឡើងនៅចំណុចភូមិកាទៀង ឃុំល្បាំង១ ស្រុកលំផាត់ដោយមានកិច្ចសហការរវាងម្លាំងនគរបាលខេត្តព្រះសីហនុ និងកម្លាំងនគរបាលខេត្តរតនគិរី។ លោកស្នងការរងបញ្ជាក់ថា ជនសង្ស័យដែលឃាត់ខ្លួនខាងលើនេះឈ្មោះ ថាច់ យ៉ាង អាយុ៣២ឆ្នាំ។ លោកបញ្ជាក់ថា ការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យខាងលើ ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៣៣ ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០០៩ ដោយចៅក្រមស៊ើបសួរ គឹម អេង នៃសាលាដំបូងខេត្តព្រះសីហនុ ពីបទមនុស្សឃាតដោយចេតនា។
បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តរតនគិរី រង់ចាំកម្លាំងជំនាញខេត្តព្រះសីហនុមកទទួលយកទៅចាត់ការតាមនីតិវិធី៕