នាយករដ្ឋមន្ត្រី​កម្ពុជា​-​វៀតណាម​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​ឆ្លង​ព្រំដែន​ជ្រៃ​ធំ​-​ឡុង​ប៊ិ​ញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 April, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃ​ចន្ទ ទី​២៤ ខែមេសា ឆ្នាំ​២០១៧​នេះសម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោក ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី​វៀតណាម​រួមគ្នា​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ និង​ស្ពាន​ឆ្លងកាត់​ព្រំដែន​កម្ពុជា​-​វៀតណាម (​ជ្រៃ​ធំ​-​ឡុង​ប៊ិ​ញ​) តម្លៃ​ជាង​៣៦​លាន​ដុល្លារ​អាមេរិក ជាមួយ​ការរំពឹង​ផ្តល់​ប្រយោជន៍ ច្រើន​សម្រាប់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ ជាពិសេស​ប្រជាពលរដ្ឋ នៅជាប់​ព្រំដែន​តែម្តង​។​
​គម្រោង​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​វៀតណាម ជ្រៃ​ធំ​-​ឡុង​ប៊ិ​ញ ឆ្លងកាត់​ដៃទន្លេ​បាសាក់ ហៅ ព្រែក​ជ្រៃ​ធំ ឬ ព្រែកបាក់​ដាយ ព្រំប្រទល់​កម្ពុជា​-​វៀតណាម មាន​ចម្ងាយ ១.២២៥ ម៉ែត្រ ពី​ចំណុចប្រសព្វ​ទន្លេបាសាក់ និង​ព្រែក​ជ្រៃ​ធំ ស្ថិតនៅ​ក្នុងភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​២១ ក្នុង ខេត្តកណ្តាល ទៅនឹង​ផ្លូវជាតិ​លេខ​៩៥៦ ក្នុង​ខេត្ត​អាន​យ៉ាង នៃ​សាធារណរដ្ឋ សង្គមនិយម វៀតណាម​។ នេះ​បើតាម​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។
​លោក​ទេសរដ្ឋមន្ត្រី​បន្តថា ស្ពាន​នេះ​មាន​បណ្តោយ​ប្រវែង ៤២៧.៤៤​ម៉ែត្រ ក្នុងនោះ​ភាគី​កម្ពុជា ទទួលបន្ទុក​សាងសង់​ប្រវែង ២១៣.៧២ ម៉ែត្រ និង​ភាគី​វៀតណាម ទទួលបន្ទុក​សាងសង់​ប្រវែង ២១៣.៧២​ម៉ែត្រ ជា​ប្រភេទ​ស្ពាន​ប្រអប់​បេតុង​អារ​មេ សរសៃដែក​ទាញ មាន​ទទឹង ១៣,៥០​ម៉ែត្រ ចែកជា​ពីរ​គន្លង​សម្រាប់​ផ្លូវ​រថយន្ត (​មួយ​ទៅមួយ​មក​) ដែល​គន្លង​នីមួយៗ មាន​ទទឹង ៣,៥០​ម៉ែត្រ និង ផ្លូវ​សម្រាប់​ថ្មើរជើង ដែលមាន​ទទឹង ២,៥០​ម៉ែត្រ អមដោយ​បង្កាន់ដៃ​ទទឹង ០,២៥​ម៉ៃ​ត្រ​សងខាង​។​
​បើតាម​លោក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផ្លូវ និង​ស្ពាន​នេះ ត្រូវបាន​សាងសង់​ម្នាក់​ពាក់កណ្តាល ពោល​ភាគី​កម្ពុជា សាងសង់​ផ្លូវ​ត​ភ្ជាប់​ពី​គល់ស្ពាន ដល់​ផ្លូវជាតិ​លេខ​២១ ប្រវែង​សរុប ២,៦៧៤​ម៉ែត្រ ទទឹង ១២​ម៉ែត្រ រួមទាំង​សង់ស្ពាន​ឆ្លង​ព្រែក​តូចៗ ចំនួន ០២​កន្លែង និង សង់​លូ​មូល ៥​កន្លែង រីឯ​ភាគី​វៀតណាម សាងសង់​ផ្លូវ​ត​ភ្ជាប់​ស្ពាន ដែលមាន​ប្រវែង​សរុប ២.៧០០​ម៉ែត្រ និង​ទទឹង ១២​ម៉ែត្រ​។​
​ការសាងសង់​នេះ​ចំណាយ​ថវិកា​សរុប ៣៦.៥៦​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​កម្ពុជា ចំណាយ​ជិត ១៦​លាន​ដុល្លារ​អាមេរិក​។ រីឯ​ភាគី​វៀតណាម ចំណាយ​ជិត ១៨​លាន​ដុល្លារ​អាមេរិក​។ ការសាងសង់​ប្រើ​រយៈពេល ២៧​ខែ ចាប់ពី​ខែធ្នូ ឆ្នាំ​២០១៤ និង​បានបញ្ចប់ នៅ​ខែមេសា ឆ្នាំ​២០១៧​នេះ​៕(​ប្រភព FN )

18034209_1311979665517194_7219216654493867102_n17991793_1311982615516899_103219156012693203_n18056987_1311982618850232_4301207785449402662_n