អូស្រាលី៖អនុប្រធានាធិបតីអាមេរិក លោក Mike Pence បានថ្លែងកាលពីថ្ងៃម្សិលមិញថា នាវាដឹកយន្តហោះចម្បាំងដ៏ធំរបស់អាមេរិកឈ្មោះ Carl Vinson នឹងធ្វើដំណើរទៅដល់សមុទ្រជប៉ុននៅប៉ុន្មានថ្ងៃទៀតនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
ការលើកឡើងបែបនេះរបស់លោក Pence គ្រាដែលលោកកំពុងស្ថិតនៅទីក្រុងស៊ីដនី ដែលជាការបកស្រាយនឹងមន្ទិលសង្ស័យ និងការចោទសួរថា តើនាវាផ្ទុកយន្តហោះដ៏ធំមួយនេះ ស្ថិតនៅកន្លែងណា ចាប់តាំងពីវាត្រូវបានគេប្រកាសថា ធ្វើដំណើរទៅជិតឧបទ្វីបកូរ៉េកាលពីសប្ដាហ៍មុន។
ជាមួយគ្នានេះលោក Pence បានអះអាងថា ការរំសាយកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង នៅតែអាចសម្រេចទៅបានដោយសន្តិវិធី ដោយសារតែការចូលរួមរបស់ក្រុងវ៉ាស៊ីងតោននាពេលថ្មីៗនេះជាមួយប្រទេសចិន បើទោះបីជាមានក្ដីបារម្ភយ៉ាងខ្លាំងថា កូរ៉េខាងជើងអាចនឹងសាកល្បងគ្រាប់បែកនុយក្លេអ៊ែរជាថ្មីម្ដងទៀតនាពេលឆាប់ៗនេះក៏ដោយ។
លោក Pence បានថ្លែងដូច្នេះថា «លោកជឿជាក់យ៉ាងពិតប្រាកដថា នៅមានឱកាសដែលសម្ព័ន្ធមិត្តនៅក្នុងតំបន់ រួមទាំងប្រទេសចិន អាចសម្រេចនូវគោលដៅជាប្រវត្តិសាស្ត្រ ក្នុងការរំសាយកម្មវិធីនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េតាមបែបសន្តិវិធី»៕