ខេត្តកំពង់ឆ្នាំង៖យ៉ាងហោចណាស់មនុស្ស៤នាក់ស្លាប់ និង៧នាក់ផ្សេងទៀតរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដកាមរីបុកជាមួយរថយន្ដក្រុងដឹកអ្នកដំណើររបស់ ក្រុមហ៊ុន ថោងស៊ីញ រួចបន្ដទៅបុករថយន្ដធុនធំមួយគ្រឿងទៀត។ ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៤៨-៤៩ ស្ថិតក្នុងភូមិស្ពានពោធិ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ។
មន្ត្រីជំនាញនគរបាលចរាចរណ៍បានឲ្យដឹងថា មូលហេតុបង្កឲ្យមានគ្រោះថ្នាក់ គឺដោយសារមកពីរថយន្តកាមេរីគូថប៉ោង បើកជែងជាមួយរថយន្តដឹកទំនិញមួយគ្រឿងទៀត (ដឹកដំឡូងមី) ក្នុងស្ថានភាពផ្លូវគ្រោះថ្នាក់ ស្របពេលមានរថយន្តក្រុងក្រុមហ៊ុនថោងស៊ីញមកដល់ល្មម ក៏បុកគ្នាពេញទំហឹង បង្ក ឲ្យមានមនុស្សស្លាប់និងរបួសជាច្រើននាក់ ។
សមត្ថកិច្ចបន្តថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលឲ្យមនុស្សជិះក្នុងរថយន្តកាមេគូទប៉ោងស្លាប់០៤នាក់ ស្រី០១នាក់ និងរបួស០៤នាក់ (ធ្ងន់០៣នាក់ ស្រី០១នាក់ )។ អ្នករបួស និងអ្នកស្លាប់ មានទីលំនៅភូមិម្លូមឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។
បច្ចុប្បន្ន អ្នករបួសត្រូវបានក្រុមគ្រួសារដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ដោយឡែកអ្នកស្លាប់សាច់ញាតិបានយកទៅធ្វើបុណ្យតាមប្រពៃណី៕