ខេត្តស្វាយរៀង៖យ៉ាងហោចណាស់យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់រងរបួសធ្ងន់ ខណៈដែលត្រូវបានរថយន្តហាយឡែនឌ័ររបស់មន្ត្រីពន្ធនាគារម្នាក់ធ្វើដំណើរស្របទិសគ្នាបុកពីក្រោយអូសជាង៥០ម៉ែត្រ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១៧ និង៥០នាទីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ១៣៧/១៣៨ ស្ថិតក្នុងភូមិ ប្រសូត្រ២ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុគេម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ស្លាកលេខ 1D 3871បើកពីទិសលិចទៅកើតស្របទិសគ្នាជាមួយរថយន្តម៉ាក ហាយឡែនដ័រ ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2U 7898 លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែបុកម៉ូតូរងគ្រោះពីក្រោយពេញទំហឹងផ្លោងហោះបោកក្បាលទៅកញ្ចក់រថយន្ត និងអូសជាង៥០ម៉ែត្រ។ ក្រោយពីបង្កហេតុរួចអ្នកបើកបរបានចុះពីរថយន្តរត់គេចខ្លួនបាត់ស្រមោល។
ប្រភពខាងលើបានបន្តទៀតថា ដោយក្នុងរថយន្តបង្កមានអាវមន្ត្រីពន្ធាគា ឈ្មោះ ណុប ប៊ុនលី ភេទ ប្រុស អាយុ៤២ឆ្នាំ មុខរបរ មន្ត្រីពន្ធនាគារ រស់នៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។ ចំណែកអ្នកបើកម៉ូតូមានឈ្មោះ ប្រាក់ សារ៉េត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិ ត្រពាំងអំពិល ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង រងរបួសធ្ងន់ (ពាក់មួកសុត្ថិភាព) ជិះឌុបគ្នា ជាមួយ ឈ្មោះ សន សុជាតិ ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរសិស្ស រស់នៅភូមិជប់ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ស្លាប់នៅកន្លែងកើតហេតុ (ពាក់មួកសុវត្ថិភាព)។ សពយុវជនរងគ្រោះបាត់បង់ជីវិតត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួសធ្ងន់បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។ ចំណែកមធ្យោបាយរក្សានៅកន្លែងអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕