វ៉ាស៊ីនតោន៖អតីតបេក្ខជនប្រធានាធិបតីប្រចាំបក្សប្រជាធិបតេយ្យលោកស្រី ហ៊ីលឡារី គ្លីនតុន បាន បញ្ចេញមតិជុំវិញបញ្ហាដ៏ក្តៅគគុក នៅតំបន់ឧបទ្វីបកូរ៉េកាលពីថ្ងៃអង្គារថាសហរដ្ឋអាមេរិកគួរតែមានការប្រយ័ត្នប្រយែងខ្ពស់ចំពោះកិច្ចចរចា ដែលអាចកើតមានឡើងជាមួយកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នាព្រឹកថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ២០១៧។
លោកស្រី គ្លីនតុន បានលើកឡើងដូច្នេះបន្ទាប់ពីលោក ត្រាំ ប្រធានាធិបតីអាមេរិកបានអះអាងថា លោកស្វាគមន៍ចំពោះជំនួបពិភាក្សា និងការចរចាជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងបរិយាកាសដ៏ត្រឹមត្រូវមួយ។លោកស្រីបានបន្តថាបញ្ហាកូរ៉េខាងជើង តែងតែត្រូវបានចាប់អារម្មណ៍មិនមែនតែនៅជំនាន់ លោក គីម ជុងអ៊ុន នោះទេ ប៉ុន្តែកាលពីជំនាន់ឪពុក និងជីតាផងដែរ ដែលសហរដ្ឋអាមេរិកបានព្យាយាមធ្វើការចរចា ដើម្បីលុបបំបាត់ឥទ្ធិពល និងតួនាទីរបស់ពួកគេ។លោកស្រី គ្លីនតុន បានសង្កត់ធ្ងន់ទៀតថា អាមេរិកគួរតែបង្កើតយុទ្ធសាស្ត្រឲ្យទូលាយជាងនេះ។
លោក ដូណាល់ត្រាំ បានថ្លែងបញ្ជាក់ប្រាប់សារព័ត៌មាន Bloomberg News ថា លោកចង់ជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ប្រសិនបើស្ថានភាពអំណោយផល។ «ប្រសិនបើវាសាកសមសម្រាប់ខ្ញុំ ក្នុងការជួបជាមួយលោក គីមនោះ ខ្ញុំច្បាស់ជាជួបជាមិនខាន ខ្ញុំពិតជាមានកិត្តិយសក្នុងការធ្វើបែបនេះ»៕