ដោយ៖កូននាគកំណាច
ខេត្តក្រចេះ៖លោក ចាន់ សុគុណ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងជាអនុប្រធានប្រចាំកាសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តក្រចេះ បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៦ សមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្ត បានប្រគល់ប្រាក់បេឡាមរណៈជូនគ្រួសារសពសមាជិកសមាគមន៍ចំនួន ២៥សព ស្មើនឹងទឹកប្រាក់ចំនួន ១០០លានរៀល និងនៅដើមឆ្នាំ២០១៧នេះ ចំនួន ៨សព ស្មើនឹងទឹកប្រាក់ចំនួន ៣២លានរៀល និងសរុបគិតចាប់ពីឆ្នាំ២០០៧ នៃការកកើតសមាគមន៍រហូតមកដល់ពេលនេះ សមាគមន៍បានបើកផ្ដល់ប្រាក់បេឡាមរណៈជូនគ្រួសារសព ដែលជាសមាជិកសមាគមន៍បានចំនួន ១៧៣សព ទឹកប្រាក់សរុប ៦៩២លានរៀល ។
លោក បានលើកឡើងយ៉ាងដូច្នេះ នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧នេះ ក្នុងពិធីអបអរសាទរ ខួបលើកទី១០ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០០៧- ២១ មិថុនា ២០១៧ ក្រោមវត្តមានលោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តក្រចេះ តំណាងលោក សរ ចំរុង អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមន៍អតីតយុទ្ធជនកម្ពុជា នៅសាលមហោស្រពខេត្ត។
ក្នុងពិធីនោះក៏មានវត្តមានចូលរួមពីឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី ក្រុមប្រឹក្សាស្រុក អភិបាលស្រុក ប្រធានក្រុមប្រឹក្សាឃុំ គ្រប់ឃុំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាគ្រប់ឃុំ ការិយាល័យ អង្គភាពជុំវិញស្រុក អតីតយុទ្ធជន និងគ្រួសារពលី មរណៈ ចំនួន ២៥០នាក់ ។
លោក ចាន់ សុគុណ ប្រធានមន្ទីរសង្គមកិច្ច បានបន្តឲ្យដឹងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ក្នុងការផ្ដល់អាទិភាពដល់ការអនុវត្តគោលនយោបាយចំពោះអតីតយុទ្ធជន ដើម្បីឆ្លើយតបឲ្យបានស័ក្តសមទៅនឹងគុណបំណាច់របស់អតីតយុទ្ធ ដែលបានធ្វើពលិកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ សំដៅលើកកម្ពស់មនសិការស្នេហាជាតិ ស្មារតីលះបង់របស់ប្រជាជនគ្របស្រទាប់ក្នុងបុព្វហេតុជាតិមាតុភូមិ ។
លោក បានបន្តថា រាជរដ្ឋាភិបាលបានដាក់ចេញ និងអនុវត្តគោលនយោបាយស្ដីពីការផ្ដល់សម្បទានដីសង្គមកិច្ច ដល់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធ, ការដោះស្រាយការងារ មុខរបរ, ការដោះស្រាយជីវភាពចំពោះយោធិនរំសាយ ចូលនិវត្តន៍ ជនបាត់បង់សមត្ថភាពការងារ ជនពិការ និងគ្រួសារយុទ្ធជនពលីមរណៈ ដើម្បីឲ្យអតីតកងកម្លាំងប្រដាប់អាវុធ ព្រមទាំងក្រុមគ្រួសារ មានធនធានដីធ្លីសម្រាប់សាងសង់លំនៅដ្ឋាន និងប្រកបរបរធ្វើស្រែចម្ការបង្កើនផលកសិកម្មសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ។
លោក ចាន់ សុគុណ បានបញ្ជាក់ថា បច្ចុប្បន្ន អតីតយុទ្ធជន ព្រមទាំងអ្នកនៅក្នុងបន្ទុកកំពុងទទួលប្រាក់របបគោលនយោបាយពីរដ្ឋដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីរ សរុបមានចំនួន ១,២៥៥នាក់ ។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាលបានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៥ម៉ឺនរៀល និងបានបន្ថែមរបបសន្តិសុខសង្គមប្រចាំខែជូនដល់អតីតយុទ្ធចាប់ពីខែមេសា ឆ្នាំ២០១៧ ។
ដោយឡែក សមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្ត ក៏បាននឹងកំពុងបំពេញតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់តួនាទីរបស់បងប្អូនអតីតយុទ្ធនៅក្នុងសង្គមជាតិ ។ សមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តមានសមាជិកសរុប ចំនួន ១,០២៣នាក់ ក្នុងនោះមាន គ្រួសារជនពលី គ្រួសារជនមរណៈ យោធិនពិកា និវត្តន៍ជន និងជនបាត់បង់សមត្ថភាពការងារ៕