មន្ត្រី​ជំនាញ ៖ ឡាន​ដឹកឈើ​មក​ពីលើ​ឆ្លងកាត់​កម្លាំង​សមត្ថកិច្ច​ហូ​ហែ​ហេតុ​អី​មិន​នាំគ្នា​ចាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 May, 2017 ក+ ក-

​ដោយ​៖​កូន​នាគ​កំណាច​
​ក្រចេះ​៖​មន្ត្រី​ជំនាញ​មួយរូប​សូម​មិន​បញ្ចេញ​ឈ្មោះ បាន​ត្អូញត្អែរថា ធម្មតា​ឡាន​ដឹកឈើ​មកពី​លើ​រហូត​ឆ្លងកាត់​កម្លាំង​សមត្ថកិច្ច​ហូ​ហែ​បណ្តាក់​គ្នា ហេតុ​អី​មិន​នាំគ្នា​ចាត់ ទុក​ឲ្យ​របូត​មកដល់​ក្រោម​ធ្វើ​អី ឬ មួយ​អ្នក​ខាងលើ​មិនចេះ​ធ្វើការ​ឬ​មិន​ចង់​ធ្វើការ បញ្ហា​នេះ​ត្រូវ​រួមគ្នា​ធ្វើ​ទើប​វា​ទៅរួច បើ​ខាងលើ​មិន​ធ្វើ បណ្តោយ​ឲ្យ​មក វា​ងាប់ៗ​តែ​អា​អ្នក​នៅក្រោម​គេ​នោះឯង​។​
​ជាក់ស្តែង​យប់​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៧ កម្លាំងចម្រុះ​ដឹកនាំ​ដោយ​លោកនាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ឆ្លូង បញ្ជា​ដោយ​លោកនាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆ្លូង​លោក អ៊ុយ ស្រី បាន​ចុះ​ចាប់​ឃាត់​បាន​ឡាន​សាំ​យុង​មួយគ្រឿង​ដឹកឈើ​អារ​ពេញ​ណែន នៅ​ភូមិសាស្ត្រ​ឃុំ​ឆ្លូង ស្រុក​ឆ្លូង ខេត្តក្រចេះ ហើយ​បាន​រុញ​ទុក​ក្នុង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ទាំងយប់ ។​
​សេចក្តីរាយការណ៍​បញ្ជា​ក់ថា ក្បួន​ឡាន​ដឹកឈើ​អា​មាន​រាប់សិប​ឡាន​ចេញពី​ក្នុង​ឃុំ​អូរ​គ្រៀង​ឋិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​សំបូរ​ក្បួន​ហែ​តម្រៀប​នៅពេល​យប់​ស្ងាត់​ឆ្លងកាត់​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧ យ៉ាង​រលូន រហូតមកដល់​ស្រុក​ឆ្លូង ត្រូវបាន​លោកនាយ​ផ្នែក​បញ្ជា​ឲ្យ​លោកនាយ​សង្កាត់​ចាប់បាន​ឡាន​មួយគ្រឿង ខណៈ​ក្រុម​ឡាន​ជាច្រើន​គ្រឿង​ទៀត បានគេច​ខ្លួន​បាត់អស់​។
​ទន្ទឹមនឹង​ការបង្ក្រាប​បាន​ឡាន​សាំ​យ៉ុង​ដឹកឈើ​អា​ស្ទើរ​ពេញ​ឡាន​នោះ ត្រូវ​ប្រភព​មួយចំនួន​លើកឡើងថា ដោយសារតែ​មានការ​បញ្ជា​ពី​ស្ថាប័ន​អយ្យការ និង​អាជ្ញាធរ ទើប​អស់លោក​មន្ត្រី​ជំនាញ​ចេញមុខ​មក​បង្ក្រាប ព្រោះ​កាល​កន្លងមក​នៅតាម​កំណាត់​ផ្លូវជាតិ​លេខ​៧ គេ​តែងតែ​ឃើញ​ក្បួន​ឡាន​ដឹកឈើ​ហូរហែ ដោយ​មិនបាន​រំខាន​ដល់​អស់លោក​មន្ត្រី​ជំនាញ​ទេ ជាពិសេស​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ដែលមាន​លោក អោក ដា​រ៉ុ​ន អនុប្រធាន​មន្ទីរ​ទទួលបន្ទុក​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ រួមទាំង​បទល្មើស​ព្រៃឈើ​ក្នុង​ទឹកដី​ខេត្តក្រចេះ​។
​ផ្ទុយ​មកវិញ​សកម្មភាព​នៃ​ការដឹកជញ្ជូន​កាន់តែ​កើតឡើង​លើស​មុន​ទ្វេ​រដង គ្រប់​រូបភាព រហូត​ពេលខ្លះ​ក្រុម​ឡាន​ដឹកឈើ​ទាំងនោះ​បើកបរ​ប្រ​សេក​ប្រសាច​កណ្តាលយប់​បែប​អនាធិប្បតេយ្យ ឆ្លង​កាត់មុខ​មហាជន​យ៉ាងណា​ក៏​លោក​មន្ទីរជំនាញ​អត់​ខ្វល់ ក្នុងនោះ​ជំនាញ​មេព្រៃ​បាន​ត្រឹម​អង្គុយ​មើល​ឡាន​បើក​កាត់មុខ ដោយ​មិន​ចេញ​ចាប់​ព្រោះ​គ្មាន​បទបញ្ជា​។​
​ប្រភព​ច្បាស់​ការណ៍​អះអាងថា ក្នុង​មួយ​យប់ៗ​មាន​ឡាន​ដឹកឈើ​ប្រភេទ​សាំ​យុង​រាប់សិប​គ្រឿង ចេញពី​ភូមិសាស្ត្រ​ភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ឆ្លងកាត់​តាម​ស្នាក់ការ​អស់លោក​មន្ត្រី​ជំនាញ​ហូរហែ​ហេតុ​អី​មិន​ចាប់ បែ​ជា​បណ្តែតបណ្តោយ​ឲ្យ​ឡាន​ទាំងនោះ​រួចផុត រហូតដល់​ស្រុក​ឆ្លូង ទើប​សមត្ថកិច្ច​ជំនាញ​ចេញ​ចាប់បាន​មួយគ្រឿង ឬ មួយ​មន្ត្រី​ដែលមាន​ស្នាក់ការ​ខាងលើ​រវល់​មិនសូវ​នៅ​កន្លែង​ទើប​មិនដឹងថា​មាន​ឡាន​ដឹកឈើ​ចេញ​និង​ឆ្លងកាត់​ស្នាក់ការ​របស់ខ្លួន​ដែល​នៅ​ប្រចាំការ​២៤​ម៉ោង​។​
​ចំពោះ​បញ្ហា​ទាំងនេះ ត្រូវបាន​មជ្ឈដ្ឋាន​មួយចំនួន​លើក​ជា​មតិ​រិះគន់​ដល់​ស្ថាប័ន​មាន​សមត្ថកិច្ច​ជំនាញ​មួយ​ក្តាប់​តូច ដែលមាន​កាតព្វកិច្ច ចាប់​បង្ក្រាប​បទល្មើស នៅក្នុង​ខេត្តក្រចេះ មាន​គ្រប់​ស្ថាប័ន មនុស្ស​ដូច​ស្រមោច​តាម​ស្នាក់ការ និង​ដងផ្លូវ ហេតុអ្វី​មិន​យក​ភ្នែក​មើល​បទល្មើស​បើក​កាត់មុខ ឬ មួយ​អស់លោក​ពា​ក់វែន​តាខ្មៅ​ងងឹត​បាំង​មើលមិនឃើញ ឬក៏​អស់លោក​មាន​ជាប់​ពាក់​ពន្ធ​ទទួលបាន​ផលប្រយោជន៍​ពី​ក្រុម​អ្នករកស៊ី​ដឹកឈើ​តាម​ឡាន​សាំ​យុង​ទាំងនោះ​ដែរ​ឬ​យ៉ាងណា​៕

18337192_1871571296414765_381669371_n18302424_1871571289748099_869443127_n 18336558_1871571303081431_733145356_n