ខេត្តពោធិ៍សាត់៖ស្ត្រីម្នាក់រន្ទះបាញ់ស្លាប់យ៉ាងអណោចអធ័ម និងម្នាក់ទៀតរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពប្រម៉ោយ ពេលកំពុងជំរះស្មៅជាមួយគ្នា ខណៈមានខ្យល់កន្ត្រាក់ លាយឡំជាមួយភ្លៀងរលឹមស្រិចៗ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២ និង៤០នាទីរសៀល ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចអន្លង់ក្រូច ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
អធិការនគរបាលស្រុកវាលវែង លោក ធាង ឡេង បានឲ្យដឹងថា ជនរងគ្រោះដែលត្រូវរន្ទះបាញ់ចំស្លាប់នោះឈ្មោះ ១-ចេន ភេទស្រី អាយុ២០ឆ្នាំ ជាអ្នកស៊ីឈ្នួលជំរះស្មៅឲ្យគេ រស់នៅភូមិឃុំអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ (ស្លាប់) និងអ្នករងរបួសធ្ងន់ឈ្មោះ ឈន ញឹក ភេទស្រី អាយុ៣៨ឆ្នាំ ជាអ្នកស៊ីឈ្នួលចាំចំការឲ្យគេ រស់នៅភូមិឃុំកើតហេតុខាងលើ។ លោកអធិការបញ្ជាក់ថា មុនពេលកើតហេតុ មានខ្យល់កន្ត្រាក់ លាយឡំជាមួយភ្លៀងរលឹមស្រិចៗ ជនរងគ្រោះទាំង២នាក់ បានទៅជំរះស្មៅជាមួយគ្នា នៅចំណុចកើតហេតុខាងលើ មួយសន្ទុះក្រោយមកក៏មានរន្ទះបាញ់ចំស្ត្រីឈ្មោះ ចេន បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងឈ្មោះ ឈន ញឹក របួសធ្ងន់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពប្រម៉ោយតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចធ្វើកុសលវិច័យ និងបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់មែន រួចប្រគល់សពជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕