ខេត្តរតនគិរី៖នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ សហការជាមួយកងរាជអាវុធហត្ថខេត្ត ដឹកនាំផ្ទាល់ដោយលោក សុខ ម៉ីន មេបញ្ជាការ កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ បង្ក្រាបរឹបអូសរថយន្តឡង់គ្រីស័រ កែច្នៃចំនួន៥គ្រឿង ដឹកឈើសុក្រមពេញ ស្ថិតក្នុងភូមិប៉ក់តូច ឃុំប៉ក់ញៃ ស្រុកអូរយ៉ាដាវ ត្រង់ចំណុចភ្នំក្រហម ក្នុងចំការកៅស៊ូក្រុមហ៊ុន៧៤ នៅមិនឆ្ងាយប៉ុន្មានពីព្រំដែន បំរុងចេញទៅលក់ប្រទេសវៀតណាម តាមច្រករបៀង ភ្នំក្រហម ដែលមានប៉ុស្តិ៍សង្កេតការណ៍លេខ៦០១ ចំណុះឲ្យនគបាលវរៈការពារព្រំដែនគោកលេខ៦២៣ និងប៉ុស្តិ៍កងទ័ព ចំណុះឲ្យវរៈការពារព្រំដែនគោក១០២ ខណៈពេលដែលរថយន្តល្មើសនោះ កំពុងធ្វើចរាចរណ៍។
មេបញ្ជាការកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ លោក សុខ ម៉ីន បានឲ្យដឹងថា លោកស៊ើបបានដំណឹង ការលួចចរាចរណ៍បទល្មើសឆ្លងដែននេះ យូរមកហើយដែរ តែលោករកចំណុចផ្លូវដែលគេធ្វើសកម្មភាពនេះមិនឃើញ លោកមិននឹកស្មានថា គេអាចលួចដឹកកាត់តាមចំការកៅស៊ូ ដែលមានជ្រោះ មានភ្នំដូច្នេះសោះ ទើបតែថ្ងៃនេះ លោកបានទទួលសេចក្ដីរាយការណ៍ច្បាស់ និងមានបទបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត លោកក៏ដឹកនាំកម្លាំងចុះរុករក បានប្រទះឃើញរថយន្តល្មើសមែន តែជនល្មើសបានបើករថយន្ត ប្រសេច ប្រសាច រត់ចូលក្នុងចំការកៅស៊ូ ហើយរត់គេចខ្លួនបាត់អស់ ធ្វើឲ្យលោកស្មុគស្មាញក្នុងការរុករក និងរឹបអូសយកភស្ដុតាងមករក្សាទុក។ លោកបានបញ្ជាក់ថា ភស្ដុតាងឈើ និងរថយន្ត កំពង់ធ្វើកាដឹកជញ្ជូន មិនទាន់រួចរាល់នៅឡើយទេ យកទៅរក្សាទុកនៅ មូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ។
ករណីរថយន្តដឹកឈើឆ្លងដែនល្មើសច្បាប់ តាមច្រករបៀងខាងលើ លោក យ៉ាត ដែលជានាយប៉ុស្ដិ៍ ច្រករបៀងភ្នំក្រហម បានឲ្យដឹងតាមទូរស័ព្ទយ៉ាងខ្លី នៅថ្ងៃនេះដែរថា ក្នុងយប់ថ្ងៃទី៤ ទី៥ នេះគឺលោកបិតមិនឲ្យចេញ។
ចំណែកលោក ងួន សុវណ្ណា នាយវរៈនគរបាលការពារព្រំដែនគោកលេខ៦២៣ បាននិយាយតាមទូស័ព្ទប្រាប់អ្នកសារព័ត៌មានយ៉ាងខ្លាំងៗ នៅថ្ងៃនេះដែរថា ឈើដែលគេដឹកឆ្លងដែននេះបន្តិចបន្ទួច បើពូកែចាប់អញ្ចឹង ទៅចាប់តាមផ្លូវ ១៩ គេដឹកហូរហែរតាមផ្លូវរាល់ថ្ងៃ ម៉េចក៏មិនទៅចាប់ ព្រមទាំងនៅក្រុងបានលុង គេចាប់ច្រើនលើក ច្រើនសារមកហើយនៅមិនទាន់អស់ទេ។
សូមជម្រាបថា រយៈពេលប្រមាណជា៣ខែ មកហើយ នៅចំណុចប៉ុស្តិ៍លេខ៦០១ ភ្នំក្រហមនេះ បានលេចឮព័ត៌មានថា មានការលួចលាក់ធ្វើជំនួញឈើខុសច្បាប់ តាមច្រកនេះ ដោយសារតែមានការបើកដៃពីនាយប៉ុស្តិ៍ ឈ្មោះយ៉ាត។ ហើយការបង្ក្រាប ទប់ស្កាត់ បទល្មើសធនធានធម្មជាតិ ត្រូវបានគេសង្កេតឃើញថា មានតែកម្លាំងកងរាជអាវុធហត្ថប៉ុណ្ណោះ តែងតែដុតដៃ ដុតជើង ឈ្មុះឈ្មុល រុករកចុះបង្ក្រាបយ៉ាងសកម្ម រាល់បទល្មើសផ្សេងៗ ដែលកើតមានឡើងក្នុងខេត្តរតនគិរី៕