នគរបាល​ក្រុង​កំពត​ឃាត់ខ្លួន​ជនជាតិ​បរទេស​២​នាក់​ពាក់ព័ន្ធ​ករណី​២​ផ្សេងគ្នា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 May, 2017 ក+ ក-

ខេត្តកំពត​៖​បុរស​ជនជាតិ​អង់គ្លេស​ម្នាក់ និង​ស្ត្រី​ជនជាតិ​ហ្វាំ​ង​ឡង់​ត្រូវបាន​កម្លាំង​នគរបាល​ក្រុង​កំពត​ឃាត់ខ្លួន​បន្ទាប់​បានធ្វើ​សកម្មភាព​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ និង​សាធារណៈ​។​
​តាម​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ខេត្ត​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០១៧ វេលា​ម៉ោង​៣​រសៀល កម្លាំង​ផែន​គ្រប់គ្រង​ជនបរទេស នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពត បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​អន្តោប្រវេសន៍​ខេត្តកំពត និង​ប៉ុស្តិ៍​អណ្តូង​ខ្មែរ បាន​នាំខ្លួន​ជនបរទេស ឈ្មោះ Sirkia Hannah Elisa ភេទ​ស្រី អាយុ​២៩​ឆ្នាំ ជនជាតិ ហ្វាំ​ង​ឡង់ មុខរបរ​អ្នក​ចាក់​សាក់ ដែល​ស្នាក់នៅ​បឹង​ហ្គា​ឡូ​ព្រែក​កំពត ស្ថិតក្នុង​ភូមិ​អូរ​តូច សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត​។​
​ក្នុងករណីនេះ ជនសង្ស័យ​បានធ្វើ​សកម្មភាព វាយ​ទូរ​ម៉ាស៊ីន​ATM (ABA) ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០១៧ វេលា​ម៉ោង​១០ និង​៤៥​នាទី​យប់ ដែល​កើតឡើង នៅ​ភូមិ​កំពង់បាយ​ខាងត្បូង សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្តកំពត​។ ក្រោយ​ឃាត់ខ្លួន​ភ្លាម កម្លាំង​ក៏បាន​បញ្ជូនទៅ​កា​រិ​ល័យ​អន្តោប្រវេសន៍​ខេត្តកំពត ដើម្បី​ដោះស្រាយ និង​អនុវត្តតាម​នីតិវិធី​ច្បាប់​។​
​ដោយឡែក​នៅ​ម៉ោង​៧ និង​៣០​នាទី​យប់​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៧ មាន​ករណី​ហិង្សា​មួយ ឈានទៅ​បំផ្លេចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ ដែល​កើតឡើង​នៅ​ភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្ដាល ក្រុង​កំពត​។ បង្កឡើង​ដោយ​ជនសង្ស័យ ឈ្មោះ MOORE BENGAMINJAMES ជនជាតិ​អង់គ្លេស ភេទ​ប្រុស អាយុ​៣២​ឆ្នាំ កាន់​លិខិត​ឆ្លង លេខ ៥៣១៧៤៤៣២៤ សព្វថ្ងៃ​ស្នាក់នៅ​ផ្ទះសំណាក់ «​មុំ​ា​ង​ឃី​រី​ផាប់​ប្លេ​ក​» ស្ថិតនៅ​ភូមិ សង្កាត់​កើតហេតុ​។​
​ជនសង្ស័យ​រូបនេះ ផឹកស្រា​ស្រវឹង ហើយ​ធ្វើ​សកម្មភាព​វាយ​បំផ្លេចបំផ្លាញ់​ទ្រព្យសម្បតិ្ត នៅផ្ទះ​សំណាក់​យីហោ «១​យប់​ទៀត​» របស់​ជនរងគ្រោះ​ឈ្មោះ តុត មីន​កាលី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ស្នាក់នៅ​ភូមិ​អណ្ដូង​ខ្មែរ សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត​។​
​ជនសង្ស័យ​រូបនេះ ក្រោយ​ធ្វើ​សកម្មភាព​ហើយ ក៏ត្រូវ​កម្លាំង​នគរបាល​ក្រុង​កំពត ចុះ​ធ្វើការ​ឃាត់ខ្លួន​បាន នៅ​កន្លែងកើតហេតុ​តែម្តង​។ បច្ចុប្បន្ន​បាន និង​កំពុង​ឃាត់ខ្លួន​សាកសួរ​នាំ នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពត ដើម្បី​កសាង​សំណុំរឿង ចាត់ការ​តាមច្បាប់​៕

fn-2017-05-06-07-41-03-1fn-2017-05-06-07-41-02-0