គ​.​ជ​.​ប គាំទ្រ​ចំពោះចំណាត់ការ​របស់​អាជ្ញាធរ​រាជធានីភ្នំពេញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 May, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) លោក ហង្ស ពុទ្ធា បាន​ថ្លែងថា គ​.​ជ​.​ប គាំទ្រ​លើ​ចំណាត់ការ​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​ហាមឃាត់​ដល់​គណបក្សនយោបាយ​ទាំង​១២​ឲ្យ​បញ្ចៀស​ការប្រមូលផ្តុំ និង​ការ​ដង្ហែ​ក្បួន​ឃោសនា តាម​បណ្តា​ទីតាំង និង​ផ្លូវ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​អំឡុង​ពេលធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៤ ចាប់ពី​ថ្ងៃទី​២០ ខែឧសភា ដល់​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៧​។​
​លោក ហង្ស ពុទ្ធា នៅ​រសៀល​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០១៧​នេះ បានបញ្ជាក់​ពី​ជំហរ​របស់​គជប​ថា «​យោងតាម​ទិដ្ឋភាព​ជាក់ស្តែង​ទាំងពីរ​នេះ គ​.​ជ​.​ប បានសម្រេច និង​យល់ព្រម​ថា ការហាមឃាត់​មិន​ឲ្យ​មានការ ដង្ហែ​ក្បួន​នៅតាម​ដងផ្លូវ ទីប្រជុំជន និង​តាម​ទីសាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ គឺ​សម​ហេតុ​សម​ផល​ដោយសារ តែ​ស្ថិតនៅក្នុង​ការគ្រប់គ្រង​របស់​អាជ្ញាធរ ហើយ​ការបោះឆ្នោត​គ៏​ធ្វើឡើង ក្នុង​ទឹកដី​របស់​អាជ្ញាធរ មិនមែន​តែ​គណបក្សនយោបាយ នោះទេ គឺ​ទាំងអស់គ្នា​។ នេះ​ជា​កិច្ចការ​ចាំបាច់​របស់​អា​ជ្ញា​ធរ ក្នុង​ការរក្សាសន្តិសុខ​សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​និង​សម្រាប់​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍ ដូចនេះ គ​.​ជ​.​ប ទទួលយកបាន និង​គាំទ្រ​ចំណាត់ការ​»​។​
​លោក ហង្ស ពុទ្ធា បាន​ឲ្យ​ដឹងថា ករណី​មាន​គណបក្សនយោបាយ​ណាមួយ បំពាន​លើ​ចំណាត់ការ​របស់ សាលា​រាជធានី​ភ្នំពេញ ថា «​អាជ្ញាធរ​ហាម តែ​គាត់​នៅតែ​បំពាន គឺ​គាត់​មាន​កំហុស​ជាមួយ​អាជ្ញាធរ កំហុស​នេះ​ក៏​ប្រឈម​ជាមួយ​ច្បាប់ បោះឆ្នោត​ដែរ ពីព្រោះ​សេចក្តីណែនាំ​ឲ្យ​មានការ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី ពីព្រោះ​ការបោះឆ្នោត​មិនមែន​ដើរ​ធ្វើ​អី​ស្រេច​តែ​ចិត្ត​លើ ដែនដី​អាជ្ញាធរ​គ្រប់គ្រង នោះទេ​។ បើ​គិត​លើ អាជ្ញាធរ​ដែនដី គាត់​ខុស​មួយ​ហើយ ជាមួយ​គ​.​ជ​.​ប គាត់​កាន់តែ​ខុស​ថែមទៀត​»​។​
​សូមបញ្ជាក់ថា​សាលា​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ​បានចេញ​លិខិតស្នើ​ដល់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​រាជធានី​ភ្នំពេញ ឱ្យ​ណែនាំ​ដល់​គណបក្ស នយោបាយ​ទាំង​១២ បញ្ចៀស​ការប្រមូលផ្តុំ និង​ការ​ដង្ហែ​ក្បួន​ឃោសនា​តាម​បណ្តា​ទីតាំង និង​ផ្លូវ​មួយចំនួន ក្នុង​រាជធានី​ភ្នំពេញ​ក្នុងអំឡុង​ពេលធ្វើ​យុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៤​។​
​លិខិត​របស់​សាលា​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ការស្នើ​នេះ​ធ្វើឡើង​ដើម្បី​ធានាបាន នូវ​ការប្រព្រឹត្តទៅ​នៃ​ការឃោសនា រក​សំលេងឆ្នោត ក្នុង​យ​ទ្ធ​នា​ការឃោសនាបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៤ ធានាបាន​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ ជូន​គណបក្សនយោបាយ​ទាំងអស់ បានល្អ​ប្រសើរ និង​ការបញ្ចៀស ការកកស្ទះ​ចរាចរណ៍ ដែល​រំខាន​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​៕

nec-hang-puthea-500x331