សេអ៊ូល៖នៅថ្ងៃអង្គារនេះប្រជាជនកូរ៉េខាងត្បូងបានចាប់ផ្តើមបោះឆ្នោតជ្រើសរើសប្រធានាធិបតីកូរ៉េខាងត្បូងថ្មី ទី១៩ ជំនួសលោកស្រី ផាក គឺនហេ ដែលត្រូវបានសភា និងតុលាការធម្មនុញ្ញទម្លាក់ចេញពីតំណែង ដោយសារតែរឿងអាស្រូវពុករលួយ កាលពីខែមីនា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ។
សារព័ត៌មានដដែលបញ្ជាក់ថា ក្នុងចំណោមបេក្ខជនប្រធានាធិបតីទាំង៥រូបមានដូចជា លោក Moon Jae-in, លោក Hong Joon-pyo, លោក Ahn Cheol-soo លោក Yoo Seong-min និងលោកស្រី Sim Sang-jeung គេសង្កេតឃើញថា លោក Moon Jae in មកពីគណបក្សប្រជាធិបតេយ្យ គឺមានលទ្ធភាពខ្ពស់ជាងគេថានឹងអាចជាប់ឆ្នោតជាប្រធានាធិបតី។ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺថាលោក Moon ជាអ្នកនយោបាយម្នាក់ ដែលអាចនឹងធ្វើឱ្យនយោបាយកូរ៉េខាងត្បូង ចំពោះកូរ៉េខាងជើង និងសហរដ្ឋអាមេរិក ផ្លាស់ប្ដូរទាំងស្រុង បើសិនជាលោកជាប់ឆ្នោតមែននោះ៕