២នាក់ម្តាយកូនត្រូវរន្ទះបាញ់ស្លាប់ និងរបួសធ្ងន់ ខណៈកំពុងព្រោះស្រូវ
ខេត្តកំពង់ធំ៖ម្ដាយ និងកូននាំគ្នាទៅព្រោះស្រូវនៅស្រែ ស្រាប់តែមានខ្យល់ភ្លៀងលាយ និងរន្ទះបានបាញ់ត្រូវកូនប្រុសស្លាប់ និងម្តាយរងរបួសធ្ងន់ ដែលករណីនេះកើតឡើងនៅវេលាម៉ោង៤ និង៤៥នាទីល្ងាច ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចវាលស្រែ ភូមិកំពង់ឈើទាល ឃុំសំបូរស្រុកប្រាសាទសំបូរ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា កូនប្រុសដែលត្រូវរន្ទះស្លាប់ឈ្មោះ សុទ្ធ រីន អាយុ៣២ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ ចំណែកម្ដាយឈ្មោះ សួន រឿន អាយុ៥៥ឆ្នាំ រងរបួសធ្ងន់រស់នៅក្នុងភូមិឃុំខាងលើ។ ប្រភពបញ្ជាក់ថា ក្រោយកើតហេតុសមត្ថកិច្ចបានបញ្ចូនម្ដាយរបួសទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត។ ចំណែកសាកសពត្រូវបានដឹកមកផ្ទះចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕