សេអ៊ូល៖ទីបំផុតបេក្ខជននិយមកណ្តាលលោក Moon Jae-in បានទទួលជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកូរ៉េខាងត្បូង គ្រាដែលគូប្រជែងដ៏សំខាន់ទាំងពីររបស់លោកក៏បានទទួលស្គាល់បរាជ័យ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AP។
លោក Moon បាននិយាយទៅកាន់អ្នកគាំទ្រថា៖«ខ្ញុំនឹងក្លាយជាប្រធានាធិបតីសម្រាប់ប្រជាជនកូរ៉េខាងត្បូងទាំងអស់»។ ការលើកឡើង បែបនេះរបស់លោកកើតឡើង បន្ទាប់ពីគូប្រជែងដ៏ធំរបស់លោក គឺលោក Ahn Cheol-soo និងលោក Hong Joon-pyo បានទទួលស្គាល់បរាជ័យ ក្រោយការស្ទង់មតិនៃលទ្ធផលបោះឆ្នោតរបស់ស្ថានីយទូរទស្សន៍ KBS, MBC និង SBS បង្ហាញថា លោក Moon បានទទួលជ័យជម្នះយ៉ាងធំធេង ដោយទទួលបានសំឡេងគាំទ្រ៤១,៤ភាគរយ តាមពីក្រោយដោយលោក Hong ដែលទទួលបានការគាំទ្រ២៣,៣ភាគរយ និងលោក Anh ២១,៨%។
បើតាមគណៈកម្មាធិការរៀបចំការបោះឆ្នោតកូរ៉េខាងត្បូង NEC ឈ្មោះប្រធានាធិបតីកូរ៉េខាងត្បូងទី១៩ នឹងប្រកាសជាផ្លូវការនៅព្រឹកថ្ងៃពុធនេះ៕