រាជធានីភ្នំពេញ៖មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិបានប្រកាសឲ្យដឹងថា ទាហានមួកខៀវកម្ពុជា៣រូប ដែលបាត់ខ្លួនក្រោយហេតុការណ៍បាញ់ប្រហារ ដោយក្រុមឧទ្ទាម នៅប្រទេសអាហ្វ្រិកកណ្តាល នាយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នោះ ពេលនេះបានស្លាប់ហើយ។ សាកសពរបស់ពួកគាត់ត្រូវបានរកឃើញ នៅថ្ងៃទី០៩ ខែឧសភានេះ នៅប្រមាណ២គីឡូម៉ែត្រពីកន្លែងកើតហេតុតែម្តង។ តាមមន្ត្រីក្រសួងការពារជាតិដដែល បញ្ជាក់ថា ទាហានកម្ពុជាស្លាប់សរុបទាំងអស់ចំនួន៤នាក់។
បើតាមសេចក្តីប្រកាសក្រសួងការពារជាតិ បានឱ្យដឹងថា ទាហានមួកខៀវកម្ពុជា ៣រូប ដែលបានបាត់ខ្លួន ហើយទើបនឹងដឹងថាទទួលមរណភាពនេះរួមមាន៖ លោកអនុសេនីយ៍ត្រី ស៊ាន នរិន្ទ (ព្រិន្ទបាលទោ) ជំនួយការត្រួតពិនិត្យគុណភាព, លោកពលបាលឯក មុំ តុលា (ព្រិន្ទបាលទោ) ជំនួយការបើកបរអ៊ិស្ការវ៉ាទ័រ និង លោកអនុសេនីយ៍ត្រី ម៉ៅ អេង (អនុសេនីយ៍ឯក) បុគ្គលិកពេទ្យ៕