ខេត្តមណ្ឌលគិរី៖ខណៈឪពុកម្ដាយចេញទៅធ្វើការនៅខាងក្រៅទុកឲ្យពួកគេនៅចាំផ្ទះបណ្តាលឲ្យលង់ទឹកក្នុងរណ្តៅបង្គន់ក្រោយផ្ទះ ដែលមិនទាន់ធ្វើគម្របបិទ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ ក្នុងភូមិពូរ៉ាប៉ែត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
នាយប៉ុស្តិ៍រដ្ឋបាលឃុំក្រង់តេះ លោក យឹម បាន បានឱ្យដឹងថា កុមារីរងគ្រោះនោះម្នាក់មានឈ្មោះ វិចិត្រ ធីតា អាយុ៨ឆ្នាំ មានឪពុកឈ្មោះ ចាន់ វិចិត្រ និងម្តាយឈ្មោះ ស្រីនី រីឯម្នាក់ទៀតមានឈ្មោះ រីត ណាណា អាយុ៨ឆ្នាំ មានឪពុកឈ្មោះ រីត ផល។ លោកមេប៉ុស្តិ៍បានបន្តថា ក្មេងទាំង២នាក់ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា មុនពេលកើតហេតុ ឪពុកម្ដាយរបសស់ពួកគេចេញទៅធ្វើការបាត់ ទុកឲ្យនៅចាំផ្ទះតែ២នាក់ ហើយពួកគេនាំគ្នាចុះទៅលេងទឹកក្នុងរណ្តៅសម្រាប់ស្តុកលាមក ក្រោយបង្គន់ មានជម្រៅរហូតដល់ទៅ ២ម៉ែត្រ មិនដឹងតាំងពីពេលណាឡើយ លុះដល់ឪពុកម្ដាយមកពីធ្វើវិញ ក៏ស្រាប់តែបាត់កូន ម្នាក់ៗបានរត់រកកូនផ្អើលឆោឡោអស់ជាច្រើនម៉ោង រហូតដល់ម៉ោងជិត៣រសៀលថ្ងៃដដែល ទើបប្រទះឃើញពួកគេលង់ទឹកស្លាប់ក្នុងរណ្តៅខាងក្រោយផ្ទះនេះតែម្តង៕