វ៉ាស៊ីនតោន៖ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទាត់ចោលការរិះគន់ទាំងឡាយពាក់ព័ន្ធនឹងការបណ្ដេញនាយក FBI លោក James Comey ចេញពីតំណែង ខណៈដែលគណបក្សប្រជាធិបតេយ្យបានស្នើសុំឱ្យបន្តការស៊ើបអង្កេតដោយឯករាជ្យស្ដីពីទំនាក់ទំនងរវាងក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ ជាមួយរុស្ស៊ី។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មាន Reuters ។
ក្រុមគណបក្សប្រជាធិបតេយ្យបានលើកឡើងថា កិច្ចការរបស់ FBI នៅពេលនេះនឹងស្ថិតក្នុងស្ថានភាពរញ៉េរញ៉ៃ ហើយគណបក្សនេះបានទាមទារឲ្យមានរដ្ឋអាជ្ញាពិសេសមួយ ដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងការតែងតាំងរដ្ឋអាជ្ញាពិសេសដូចនៅក្នុងរដ្ឋបាលរបស់លោក Richard Nixon ឬក៏រឿងអាស្រូវអតីតប្រធានាធិបតី ប៊ីល គ្លីនតុន។
នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីនៅឯសេតវិមាននៅថ្ងៃពុធសប្ដាហ៍នេះ លោក ដូណាល់ ត្រាំ បានការពារការសម្រេចចិត្តរបស់លោក ហើយបានហៅក្រុមសមាជិកសភាប្រជាធិបតេយ្យ ដែលរិះគន់ការសម្រេចចិត្តនេះថា ជាមនុស្សពុតត្បុត។ បន្ថែមពីលើនេះ លោក ត្រាំ ក៏បានអះអាងថា ការបណ្ដេញ លោក Comey ចេញពីតំណែងគឺដោយសារតែនាយក FBI រូបនេះមានភាព «ឃោរឃៅ» លើការងារ ពោលគឺការបណ្ដេញចេញនេះ មិនមានជាប់ពាក់ព័ន្ធនឹងការស៊ើបអង្កេតលើរុស្ស៊ីនោះឡើយ។
គួរបញ្ជាក់ថា ការបណ្ដេញលោក James Comey ដោយលោក ត្រាំ បានជំរុញឲ្យមានកំសួលនយោបាយនៅទីក្រុងវ៉ាស៊ីងតោន និងបានជំរុញឲ្យតំណែងប្រធានាធិបតីដ៏ក្មេងខ្ចីនេះធ្លាក់ទៅក្នុងស្ថានភាពមិនប្រាកដប្រជា៕
លោក ត្រាំ ការពារជំហរក្រោយបណ្ដេញនាយក FBI ចេញពីតំណែង