ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ បានកសាងសំណុំរឿងចាប់បញ្ជូនទៅកាន់តុលាការ ដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់ ជាប់ចោទ បទឆបោក ពាក់ព័ន្ធនិងការប្រើប្រាស់ប្រាក់ដូល្លាក្លែងក្លាយ២៥,០០០ដុល្លារ(ពីរម៉ឺនប្រាំពាន់ដុល្លារ) ដូរយកប្រាក់បាតថៃចំនួន៧០ម៉ឺនបាត ពីជនរងគ្រោះចំនួន២នាក់។
ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីថ្ងៃទី៧និងទី៨ ខែឧសភា ឆ្នាំ២០១៧ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ជាមួយនឹងការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតបានប្រាក់ដូល្លារក្លែងក្លាយរបស់ក្រុមជនសង្ស័យ ដែលបានប្រើប្រាស់បោកបញ្ឆោតជនរងគ្រោះនូវទឹកប្រាក់ចំនួន២៥,០០០ដុល្លារ (ពីរម៉ឺនប្រាំពាន់ដុល្លារ) ក្នុងនោះមានក្រដាសប្រាក់១០០ដុល្លារ ក្លែងក្លាយ២៨២សន្លឹក និងប្រាក់ដុល្លារពិតប្រាកដក្រដាស១០០ដុល្លារ ចំនួន៣សន្លឹក និងរថយន្តកាមរីឆ្លាមជនសង្ស័យ១គ្រឿង ។
លោកវរសេនីយ៍ទោ ខែម សោភ័ណ្ឌ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្តប្រាប់ឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ មានឈ្មោះ ១,នី ឈុននឿន ភេទប្រុស អាយុ៣៥ឆ្នាំ ប្រកបមុខរបរអ្នករត់រថយន្តតាក់ស៊ី រស់នៅភូមិសន្លុង ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង ២,រុន សុភ័ក្ត្រហៅភា ភេទប្រុស អាយុ៤៧ឆ្នាំ ប្រកបមុខរបរកសិករ រស់នៅភូមិវត្ត ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ៣,ឃុំ ស៊ីថា ភេទប្រុស អាយុ៤១ឆ្នាំ ប្រកបមុខរបរមន្ត្រី កិច្ចសន្យាសាលាដំបូងខេត្តឧត្ថរមានជ័យ ។ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។
លោកនាយការិយាល័យបានប្រាប់ឱ្យដឹងទៀតថា កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ជនរងគ្រោះ២នាក់ មានឈ្មោះ ជ្រិន ចាន់រៀម ភេទប្រុស អាយុ៤៣ឆ្នាំ និងឈ្មោះ កុយ ចាន់វាសនា ភេទប្រុស អាយុ៣៨ឆ្នាំអ្នកទាំង២នាក់ រស់នៅក្នុងក្រងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងមិត្តភក្តិ២នាក់ទៀត បានណាត់ជួបគ្នាតាមទូរស័ព្ទជាមួយក្រុមជនសង្ស័យមានគ្នា៤ទៅ៥នាក់ ដើម្បីដូរប្រាក់រវាងគ្នានឹងគ្នានៅច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ។ជនរងគ្រោះមានប្រាក់បាតថៃ៧០ម៉ឺនបាតដូរយកប្រាក់ដូល្លារពីជនសង្ស័យចំនួន ២៥,០០០ដុល្លារ (ពីរម៉ឺនប្រាំពាន់ដុល្លារ) ។លុះបន្ទាប់មកជនរងគ្រោះនិងមិត្តភក្តិ៤នាក់ បានធ្វើដំណើរតាមរថយន្តក្រុងចេញពីខេត្តបន្ទាយមានជ័យ ទៅដល់ច្រកអន្តរជាតិអូរស្មាច់ដើម្បីដោះដូរប្រាក់គ្នា។នៅពេលជួបគ្នាគឺក្រុមជនរងគ្រោះនិងក្រុមជនសង្ស័យ ក៏បានដូរប្រាក់គ្នាទៅវិញមក ទៅតាមការសន្យាណាត់ជួបគ្នានោះ។ ក្នុងនោះក្រុមជនរងគ្រោះម្នាក់ បានពិនិត្យឃើញថា ប្រាក់ដូល្លានោះជាប្រាក់ពិតប្រាកដចំនួន ២៥,០០០ ដុល្លារ(ពីរម៉ឺនប្រាំពាន់ដុល្លារ) បន្ទាប់មក ពួកគេក៏បានជិះរថយន្តបែកគ្នារៀងៗខ្លួន។
ក្រោយមកនៅពេលដែលជនរងគ្រោះបានធ្វើដំណើរតាមរថយន្តមកដល់ពាក់កណ្តាលផ្លូវដើម្បីមកខេត្តបន្ទាយមានជ័យវិញ ម្ចាស់ប្រាក់មានឈ្មោះ កុយ ច័ន្ទវាសនា មិនអស់ចិត្ត បើកកាបូបដាក់ប្រាក់ដូល្លាពិនិត្យឡើងវិញ ក៏ស្រាប់តែ ឃើញប្រាក់ដូល្លាសុទ្ធតែ៣សន្លឹកដជាក្រដាស់១០០ដុល្លារ ចំណែក២៨២សន្លឹកទៀតសុទ្ធតែក្លែងក្លាយ គេសង្ស័យថាក្រុមសមាជិកជនរងគ្រោះម្នាក់ដែលជាអ្នកត្រួតពិនិត្យប្រាក់ដូល្លានៅពេលដូរគ្នា ធ្វើជារនុកក្នុងរួមដៃគ្នានិងក្រុមជនសង្ស័យខាងលើដើម្បីបោកប្រាក់មិត្តភក្តិធ្វើដណើរទៅជាមួយគ្នា។ បន្ទាប់មកជនរងគ្រោះម្ចាស់ប្រាក់មានឈ្មោះ កុយ ច័ន្ទវាសនានិងឈ្មោះជ្រិន ចាន់រៀមបានមកដាក់ពាក្យប្តឹង ក្រុមជនសង្ស័យខាងលើនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។ នគរបាល ក៏បានបើកការស្រាវជ្រាវស៊ើបអង្កេតឈានដល់ការឃាត់ខ្លួនជនសង្ស័យ៣នាក់ខាងលើ ។
លោកនាយការិយាល័យបានបញ្ជាក់ឱ្យដឹងទៀតថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពទទួលកំហុសរបស់ខ្លួនថារូបគេពិតជាប្រើប្រាស់ដូល្លាក្លែងក្លាយ គោលបំណងបោកប្រាក់ជនរងគ្រោះ។ ប្រាក់បាតថៃ៧០ម៉ឺនបាតដែលជារបស់ជនរងគ្រោះពួកគេចែកគ្នាចាយវាយអស់នោះហើយ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តស្វែងរកចាប់ឃាត់ខ្លួន ជនសង្ស័យជាប់ពាក់ព័ន្ធនិងករណីនេះ ដើម្បីចាប់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់បន្ថែមទៀត៕