ដោយ៖ប៉ែន សុផល
បាត់ដំបង ៖ ជិះម៉ូតូឡើងជែងមិនប្រយ័ត្នជ្រុលបុករថយន្តបើកច្រាសទិសគ្នាពេញទំហឹងបណ្តាលអោយស្លាប់៣នាក់ និងរបួសធ្ងន់ម្នាក់ ដែលហេតុការនេះកើតឡើងនៅវេលាម៉ោង១ និង៤៥នាទីរសៀលថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចក្រុម៥ ក្នុងភូមិស្ទឹងចក ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
លោកសាត គឹមសាន្ត នាយការិយាចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានអោយដឹងថា ជនរងគ្រោះស្លាប់ចំនួន៣នាក់ក្នុងនោះជាស្ត្រី២នាក់ បុរសម្នាក់ និងអ្នករងរបួសម្នាក់ផ្សេងទៀតនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេមកដល់ពេលនេះ។ ប្រភពបន្តថា ជនរងគ្រោះជិះម៉ូតូម៉ាកឌ្រីមសេ១២៥ ពណ៌ខ្មៅពាក់ផ្លាកលេខ បាត់ដំបង១K- ០៧៥៣ដោយជិះម៉ូតូ១គ្រឿងមានគ្នា៤នាក់ ដោយឡែកចំពោះរថយន្តម៉ាកឡិចស៊ីស RX៣០០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២J-៩៩៩០ម្ចាស់ក្រោយពេលកើតហេតុគេចខ្លួនបាត់។
បើតាមសាក្សីនៅកន្លែងកើតហេតុបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងដើមបើកបរក្នុងទិសដៅផ្ទុយគ្នា មកដល់កន្លែងកើតហេតុម៉ូតូបានឡើងជែងរថយន្ត១គ្រឿងហើយក៍បានប្រទះនិងរថយន្តបើកបរក្នុងទិសដៅផ្ទុយគ្នា១គ្រឿងទៀតពេញទំហឹងតែម្តង ខណៈធ្វើដំណើរពីភ្នំពេញទៅបាត់ដំបង។
ភ្លាមៗជនរងគ្រោះរង់ចាំក្រុមគ្រួសារមកទទួល និងអ្នករងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕