UN នឹង​បើកប្រជុំ​បន្ទាន់​មួយ រឿងកូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 May, 2017 ក+ ក-

​បរទេស ៖ តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រីជាន់ខ្ពស់​អង្គការសហប្រជាជាតិ​បាន​ឲ្យ​ដឹងថា ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​នឹង​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​លើ​ករណី​កូរ៉េខាងជើង​បាញ់​អាវុធ​មី​ស៊ី​ល​នៅ​រសៀល​ថ្ងៃ​អង្គារ​ស្អែក​នេះ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​
​ការបើក​កិច្ចប្រជុំ​នេះ​ធ្វើឡើង​តាម​ស្នើសុំ​ពី​សហរដ្ឋអាមេរិក និង​ជប៉ុន​កាលពី​ម្សិលមិញ ដើម្បី​ជជែក​ករណី​កូរ៉េខាងជើង​បាន​បាញ់​អាវុធ​មី​ស៊ី​ល​ជាថ្មីទៀត ដែល​ត្រូវបាន​គេ​ចាត់ទុកជា​ផ្នែក​មួយ​នៃ​ការគំរាមកំហែង​ដល់​សន្តិសុខ​ក្នុង​តំបន់​។​
​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃអាទិត្យ​ម្សិលមិញ កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​អាវុធ​មី​ស៊ី​ល​ជាថ្មីទៀត​ហោះ​បាន​ជាង​៧០០​គីឡូម៉ែត្រ ដែលជា​ការប្រឆាំង​ប្រធានាធិបតី​ថ្មី​របស់​កូរ៉េខាងត្បូង​លោក Moon Jae-In ជា​អ្នក​សេរីនិយម​លោក​ថ្លែងថា ចង់​បញ្ចប់​ភាព​តានតឹង​ជាមួយ​កូរ៉េខាងជើង​។
​ការបាញ់​នេះ​គឺជា​លើក​ទី​២​ក្នុង​រយៈពេល​២​សប្តាហ៍ ដែល​នាំ​ឲ្យ​សហគមន៍​អន្តរជាតិ​កាន់តែ​មានការ​ព្រួយបារម្ភ​ខ្លាំង​ថា កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​កាន់តែខ្លាំង​ឡើង​អាច​ឈានដល់​ការបាញ់​បាន​ក្នុង​រយៈ​វែង​មួយ​ហើយ​គ្រោះថ្នាក់​កាន់តែខ្លាំង​។​
​គួរ​បញ្ជាក់ថា ការបាញ់​មី​ស៊ី​ល​ចុងក្រោយ​នេះ​របស់​ទីក្រុង​ព្យុងយ៉ាង​បានចាប់ផ្តើម​បាញ់​ចេញពី​តំបន់​សេដ្ឋកិច្ច​សិស​កៃ​សុង នៅ​ភាគ​ពាយព្យ​នៃ​ឆ្នេរ គឺ​នៅក្បែរ​ឆ្នេរសមុទ្រ​ជប៉ុន​៕

1