ប៉េកាំង៖ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ប្រទេសចិនកាលពីម្សិលមិញបានអំពាវនាវឲ្យមានភាពអត់ធ្មត់ និងកុំឲ្យភាគីណាធ្វើអ្វីដើម្បីធ្វើឲ្យភាពតានតឹងកាន់តែអាក្រក់នោះឡើយ ក្រោយពីកូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីលថ្មីមួយទៀត។
ក្នុងសេចក្ដីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសចិនបាននិយាយ ថា សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ បានចែងច្បាស់អំពីកូរ៉េខាងជើង ដែលបានប្រើប្រាស់បច្ចេកវិទ្យាបាឡេស្ទីក សម្រាប់បាញ់មីស៊ីល។ ក្រសួងនេះបន្ថែមថា ចិនជំទាស់នឹងសកម្មភាពបាញ់គ្រាប់មីស៊ីលរបស់កូរ៉េខាងជើង ដែលផ្ទុយទៅនឹងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ជាមួយគ្នានោះក្រសួងការបរទេសចិនរៀបរាប់ថា បច្ចុប្បន្ននេះស្ថានភាពនៅឧបទ្វីបនេះ ស្មុគស្មាញនិងរស៊ើប ហើយភាគីពាក់ព័ន្ធទាំងអស់គួរតែប្រកាន់យកភាពអត់ធ្មត់ និងមិនត្រូវធ្វើអ្វីជំរុញឲ្យភាពតានតឹងនៅក្នុងតំបន់កាន់តែអាក្រក់ថែមទៀតនោះទេ៕