សេអ៊ូល ៖ អគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំទីក្រុង ប៉េកាំងកាលពីម្សិលមិញបាននិយាយថា កូរ៉េខាងជើងនឹងបន្តបាញ់សាកល្បងមីស៊ីលផ្លោងឆ្លងទ្វីបជាបន្តបន្ទាប់គ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយមិនខ្វល់ពីដំណោះស្រាយអង្គការសហប្រជាជាតិ និងការព្រមានរបស់សហរដ្ឋអាមេរិកឡើយ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters ។
ការលើកឡើងបែបនេះ របស់លោក Ji Jae Ryong ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយទីក្រុងព្យុងយ៉ាង ប្រកាសពីជោគជ័យនៃការបាញ់សាកល្បងមីស៊ីល រយៈចំងាយមធ្យមទៅឆ្ងាយ ប្រភេទ Hwasong-12 អាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ កាលពីថ្ងៃអាទិត្យ គ្រាដែលប្រធានាធិបតីកូរ៉េខាងត្បូងថ្មី លោក Moon Jae in ដែលទើបតែបានបង្ហាញពីបំណងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង។
ថ្លែងចំពោះមុខអ្នកសារព័ត៌មាន អគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំទីក្រុងប៉េកាំង លោក Ji Jae Ryong បានលើកឡើងថា «កូរ៉េខាងជើងនឹងធ្វើតេស្ដសាកល្បងមីស៊ីលផ្លោងឆ្លងទ្វីប ICBM គ្រប់ពេលវេលា គ្រប់ទីកន្លែង ឱ្យតែមានបទបញ្ជាពីមេដឹកនាំលោក គីម ជុងអ៊ុន»។
ដោយឡែកពាក់ព័ន្ធនឹងទង្វើផ្គើននេះដែរ តបតាមសំណើរបស់សហរដ្ឋអាមេរិក និងជប៉ុន ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងបើកកិច្ចប្រជុំជាបន្ទាន់នៅថ្ងៃអង្គារនេះ (ម៉ោងនៅទីក្រុងញូយ៉ក)។
គួរបញ្ជាក់ថា កូរ៉េខាង ជើងជារឿយៗ តែងតែព្រមានកម្ទេចសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ហើយថែមទាំងចោទប្រកាន់ថា ទីក្រុងវ៉ាស៊ីនតោន ជាអ្នកជំរុញឱ្យឧបទ្វីបកូរ៉ ស្ថិតនៅមាត់ជោះនៃសង្គ្រាម ដោយសារតែការធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង និងជប៉ុន៕