កាប់​ប្លន់​យក​ម៉ូតូ​បានសម្រេច​មុខ​ណាហ្គា​វើ​ល ក្បែរ​ស្ពាន​ភ្លោះ​កោះ​ពេជ្រ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 May, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​មួយក្រុម​មាន​គ្នា​ប្រមាណ​ជិត​១០​នាក់​ដើរ​ប្រដាប់​ដោយ​ដាវ​សាំ​រៃ​បានធ្វើ​សកម្មភាព​កាប់​លើ​ជនរងគ្រោះ​ចំនួន​២​នាក់​ក្នុងចំណោម​គ្នា​៤​នាក់ រួច​អូស​យក​ម៉ូតូ​ជនរងគ្រោះ​ជិះ​រត់គេចខ្លួន​បាត់ស្រមោល​។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​១ និង​៥០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៧​នេះ​នៅត្រង់ចំណុច​មុខ​ណាហ្គា​វើ​ល ក្បែរ​ស្ពាន​ភ្លោះ​កោះ​ពេជ្រ​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់។​
​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​មាន​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​ប្រមាណ​ជិត​១០​នាក់ បាន​ដើរ​ប្រដាប់​ដោយ​ដាវ​សាំ​រៃ កាប់​លើ​ជនរងគ្រោះ​ចំនួន​២​នាក់​ក្នុងចំណោម​គ្នា​៤​នាក់ ដែល​បាន​ឈប់​ម៉ូតូ​នៅ​ទី​ស្ងាត់​ដើម្បី​បត់ជើងតូច ធ្វើ​ឲ្យ​ជនរងគ្រោះ​ទាំង​២​នាក់​នោះ​ភ័យ​ស្លន់ស្លោ​បាន​ដក​សោ​ម៉ូតូ រត់គេច​ចេញពី​ម៉ូតូ ខណៈ​ពេលនោះ​ក៏មាន​ម្ចាស់​ម៉ូតូ​ដែល​អង្គុយ​ក្បែរ​នោះ បាន​ស្ទុះ​មក​យក​ម៉ូតូ​ដែរ តែ​ត្រូវបាន​ក្រុម​ជនសង្ស័យ​ទាំងនោះ​កាប់​បណ្ដាល​ឲ្យ​ដាច់​ខ្លួនប្រាណ​រងរបួស​ធ្ងន់ រួចហើយ​ក្រុម​ជនសង្ស័យ​បាន​អូស​យក​ម៉ូតូ​ជនរងគ្រោះ​រត់គេច​ខ្លួន​បាត់ស្រមោល​។ ប្រភព​បន្តថា ជនរងគ្រោះ​ដែល​ត្រូវបាន​ក្រុម​ជនសង្ស័យ​កាប់​របួសធ្ងន់​នោះ ត្រូវបាន​មិត្តភក្តិ​ដឹក​តាម​ម៉ូតូ​យកទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​។​
​តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​ដែល​ត្រូវ​ក្រុម​ជនសង្ស័យ​កាប់​ឲ្យ​រងរបួស​ធ្ងន់​មានឈ្មោះ អូរ សុផាន់​ណា​រាក់ អាយុ​២២​ឆ្នាំ មុខរបរ​ធ្វើការ​នៅ​ណាហ្គា​វើ​ល ស្នាក់នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ និង​ជា​ម្ចាស់​ម៉ូតូ​ម៉ាក ស៊ុយ​សុ​គ្គី​និ​ច ពណ៌​ស ពាក់​ស្លាក​លេខ តាកែវ 1G.0302 ។ ទី​២ មានឈ្មោះ ម៉ែន ពិសី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​នៅផ្ទះ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។ ទី​៣​មានឈ្មោះ ស៊ីម យូ​ហ្គូ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រីឯ​ម្នាក់ទៀត​មិន​ស្គាលឈ្មោះ​នោះទេ ។​
​ក្រោយ​កើតហេតុ មិត្តភក្តិ​ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្ដឹង​ជំនួស​នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋ​បាលទ​ន្លេ​បាសាក់ ហើយ​សមត្ថកិច្ច​ក៏បាន​ទទួល​ពាក្យបណ្ដឹង​។​
​គួរ​បញ្ជាក់ថា នៅ​ម្ដុំ​មុខ​ណាហ្គា​វើ​ល ស្ថិត​ក្នុ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន គេ​តែងតែ​សង្កេតឃើញ​មាន​ក្រុម​ជនសង្ស័យ​ប្រើ​ដាវ​សាំ​ម​រៃ មក​កាប់​ប្លន់​យក​ម៉ូតូ និង​ទ្រព្យសម្បត្តិ​ដែលមាន​តម្លៃរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​បានសម្រេច​ជា​ញឹក​ញ៉ាប់ ពុំដែល​ឃើញ​សមត្ថកិច្ច​មូលដ្ឋាន​ចុះបង្ក្រាប​បាន​ម្ដងណា​ឡើយ​៕

IMG_4749IMG_4764