រាជធានីភ្នំពេញ ៖ មន្ត្រីជាន់គណបក្សសង្គ្រោះជាតិបានឲ្យដឹងថា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ ស្អែកនេះគណៈកម្មាធិការ នាយករបស់គណបក្សសង្គ្រោះជាតិនឹងបើកកិច្ចប្រជុំជ្រើសអនុប្រធានជាផ្លូវ ក្រោយក្រសួងមហាផ្ទៃទទួលស្គាល់លក្ខន្តិកៈថ្មី កាលពីដើមខែឧសភា។
គួរបញ្ជាក់ថា ក្រសួងមហាផ្ទៃកាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ បានសម្រេចទទួលស្គាល់ចំពោះការធ្វើវិសោធនកម្មលក្ខន្តិកៈប្រកា៤៧ថ្មី របស់គណបក្សប្រឆាំង ពាក់ព័ន្ធនឹងការជ្រើសរើសអនុប្រធាន។
ការទទួលស្គាល់នេះ ធ្វើឡើងបន្ទាប់ពី គណបក្សសង្គ្រោះជាតិបានរៀបចំសមាជវិសាមញ្ញមួយទៀត កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ដោយសម្រេចកែប្រែ ជាថ្មីម្តងទៀត នូវលក្ខន្តិកៈរបស់ខ្លួនត្រង់ប្រកា៤៧ថ្មី ស្តីពីការជ្រើសរើសអនុប្រធានគណបក្សរបស់ខ្លួន។ ប្រការ៤៧ថ្មី(មួយ) ដែលត្រូវបក្សប្រឆាំងកែប្រែរួចនេះ នឹងមិនកំណត់រយៈពេល៣០ថ្ងៃ សម្រាប់ការជ្រើសរើសអនុប្រធាន ដូចប្រការ៤៧ថ្មីឡើយ ពោលគឺការជ្រើសរើសអនុប្រធានរបស់គណបក្សសង្គ្រោះជាតិ លែងមានការកំណត់ពេលដូចមុនហើយ៕