ខេត្តឧត្តរមានជ័យ ៖ សមត្ថកិច្ចចម្រុះបង្ក្រាបទីតាំងច្រៀកឈើក្រញូង១កន្លែងរបស់ ឈ្មួញជនជាតិវៀតណាមឈ្មោះ ង្វៀង ធីម៉ាយ ហៅយាយម៉ាយ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ស្ថិតក្នុងព្រៃខាងជើងភូមិ១០៥ ជាប់ព្រុំប្រទល់ស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ប្រភពពីសមត្ថកិច្ចឲ្យដឹងថា ម្ចាស់ និងកម្មករកន្លែងច្រៀកឈើគ្រញូងហាក់បីដឹងខ្លួនទាន់មុនក៏បានគេចខ្លួន និងជម្លៀសឈើចេញអស់មុនកម្លាំងចម្រុះទៅដល់ ដោយបន្សល់ទុកវត្ថុតាងសម្ភារៈនិងឧបករណ៍ច្រៀកឈើគ្រញូង ក្នុងនោះរួមមានតាបច្រៀកចំនួន៤គ្រឿង តាបខ្វៀលចំនួន២គ្រឿង និងម៉ាស៊ីនម៉ាកយ៉ាំងដុងចំនួន៥គ្រឿង។ បន្ទាប់ពីរឹបអូសបានវត្ថុតាងកម្លាំងរដ្ឋបាលព្រៃឈើបានយកទៅរក្សាទុកក្នុងស្នាក់ការផ្នែករដ្ឋបាលព្រៃឈើស្ថិតក្នុងចំណុចព្រៃស្អាក ស្រុកអន្លង់វែង។
បើតាមសមត្ថកិច្ចចម្រុះបានអោយដឹងថា ឈ្មួញឈើគ្រញូងជាជនជាតិវៀតណាមឈ្មោះ ង្វៀង ធីម៉ាយហៅយាយម៉ាយ ខាងលើធ្លាប់ត្រូវបានកម្លាំងចម្រុះបង្ក្រាបជាច្រើនដងមកហើយ និងបានប្រើអំពើហិង្សាលើអ្នកសារព័ត៌មានជាច្រើនលើកទៀត ហើយការដឹកជញ្ជូនឈើគ្រញូងរបស់ឈ្មួញខាងលើគឺដឹកទាំងថ្ងៃតែម្តង ដោយសមត្ថកិច្ចក្នុងស្រុកមិនអាចបង្ក្រាបនោះទេ ហើយការបង្ក្រាបលើកនេះគឺដោយមានបទបញ្ជាចេញពីក្រសួងទើបចុះបង្ក្រាប៕