ឃាត់ខ្លួន​ជនជាតិ​វៀតណាម​២៨​នាក់​នៅ​សង្កាត់​ចាក់អង្រែ​ក្រោម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 May, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ ក្រុម​ប្រតិបត្តិការ​ចម្រុះ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​និតិ​វិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៧​នេះ​បាន​បន្ត​ចុះ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​២៨​នាក់​ទៀត ស្ថិត​តាម​បណ្តោយ​មាត់ទន្លេ ផ្លូវជាតិ​លេខ​២ ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​និតិ​វិធី បាន​ឲ្យ​ដឹងថា ក្រុម​ប្រតិបត្តិការ​នេះ​ក្រោម​ការសម្របសម្រួល​ដោយ​លោក សៀង សុខ ព្រះ​រា​អាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។ លោក​បន្តថា ជនបរទេស​ជាតិ​វៀតណាម​២៨​នាក់ ស្រី​១២​នាក់ គឺ​គ្មាន​ឯកសារ​ត្រឹម​ត្រូវបាន​លួច​ឆ្លងដែន ស្នាក់នៅ និង​ប្រក​បរបរ​ដោយ​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន និង​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ប្រធាន​នាយកដ្ឋាន​បញ្ជាក់ថា ក្រោយ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ទាំងនេះ ត្រូវបាន​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​កសាង​សំណុំរឿង ចាត់វិធានការ​តាមច្បាប់​៕

fn-2017-05-17-09-42-12-0