ដោយ ៖ ប៉ែន សុផល
បាត់ដំបង ៖ កំលាំងនៃអធិការដ្ឋាននគរបាលស្រុករុក្ខគីរីបានចុះប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងជល់មាន់១កន្លែងដកហូតបានមាន់ជល់ចំនួន៤ក្បាល ម៉ូតូ៥គ្រឿង និងសម្ភារៈមួយចំនួន។
លោក វរសេនីយ៍ទោ ស៊ា ធី អធិការនគបាលស្រុករុក្ខគីរី បានប្រាប់អោយដឹងថា ក្នុងកិច្ចប្រតិបត្តិការចុះបង្ក្រាបករណីល្បែងស៊ីសងជល់មាន់ខាងលើនេះបានធ្វើឡើងនៅ វេលាម៉ោង១៤ និង៣០នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចភូមិតាព្រាត ឃុំមុខរាហ៍ ស្រុករុក្ខគីរី ខេត្តបាត់ដំបង។ លោកបន្តថា ក្នុងកិច្ចប្រតិបត្តិការខាងលើនេះសមត្ថកិច្ចជំនាញរបស់លោកមិនអាចធ្វើការឃាត់បានអ្នកលេងនោះទេ ដោយសារមានការភ្ញាក់ផ្អើលដឹងខ្លួនទាន់ក៍បាននាំគ្នារត់ចែកជើងគ្នាអស់បន្សល់តែវត្ថុតាងមួយចំនួនរួមមាន ៖ មាន់ជល់ចំនួន៤ក្បាល សង្វៀនចំនួន១ ស៊ុំក្រុងមាន់ចំនួន៣ ជញ្ជីងថ្លឹងមាន់ចំនួន១ និងម៉ូតូចំនួន៥គ្រឿង។
បច្ចុប្បន្នសម្ភារៈវត្ថុតាងដកហូតបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលមុខរាហ៍រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់៕