បក្សប្រឆាំងសម្រេច​រក្សាទុក​អនុប្រធាន​ទាំង​៣​រូប​ដដែល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 May, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ គណបក្ស​សង្គ្រោះ​ជាតិ​បានសម្រេច​ជាថ្មី​ដោយ​រក្សាទុក​តំណែង​អនុប្រធាន​គណបក្ស​៣​រូប​ដដែល រួមមាន​៖ លោក ប៉ុល ហំ​ម , លោក អេង ឆៃអ៊ាង និង​លោកស្រី មួរ សុខ​ហួរ ខណៈដែល​អនុប្រធាន​ទាំង​៣​រូបនេះ ត្រូវបាន​ក្រសួងមហាផ្ទៃ​មិន​ទទួលស្គាល់​ម្តង​រួចទៅហើយ ។​
​សូមជម្រាបថា នៅ​ថ្ងៃទី​១៧ ខែឧសភា​នេះ គណកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ បាន​បើក​កិច្ចប្រជុំ​មួយ ដើម្បី​ជ្រើសរើស​តំណែង​អនុប្រធាន​គណបក្ស ។ ក្រោយ​កិច្ចប្រជុំ​មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​បាន​បញ្ជាក់ថា តំណែង​អនុប្រធាន​គណបក្ស​គឺ​នៅ​រក្សាទុក​៣​រូប​ដដែល​ពុំមាន​ការផ្លាស់ប្តូរ​នោះឡើយ ។​
​លោក យឹម សុវណ្ណ បាន​បន្ថែមថា ការរៀបចំ​ជ្រើសតាំង​អនុប្រធាន​ទាំង​៣​នាក់​ជាថ្មី​ម្តងទៀត​នេះ គឺ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យស្រប​ទៅតាម​លក្ខន្តិកៈ​ថ្មី ដែល​ទើប​ទទួលស្គាល់ ដោយ​ក្រសួងមហាផ្ទៃ​។ លោក​ថ្លែង​បញ្ជាក់ថា យើង​ធ្វើ​នេះ គឺ​ឱ្យ​ស្របទៅតាម​លក្ខន្តិកៈ ដែល​បាន​តម្កល់​នៅ​ក្រសួងមហាផ្ទៃ ដូច្នេះ​គណបក្ស​សង្គ្រោះ​ជាតិ យល់ឃើញថា នឹងមិន​មាន​អ្វី​ជា​ឧបសគ្គ ចំពោះ​ការទទួលស្គាល់​អនុប្រធាន​ទាំង​៣​រូប​របស់​គណបក្ស​នោះទេ៕

fn-2017-05-17-14-47-33-0