វ៉ាស៊ីនតោន ៖ សារព័ត៌មាន Sputnik បានផ្សាយថា លោក Al Green ដែលជាសមាជិកសភាអាមេរិកមកពីបក្សប្រជាធិបតេយ្យបាននិយាយនៅចំពោះមុខសភាអាមេរិកកាលពីម្សិលមិញថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គួរតែត្រូវបានទម្លាក់ចេញពីតំណែង។
លោក Al Green លើកឡើងបែបនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា លោកត្រាំ បានចែករំលែកព័ត៌មានសម្ងាត់ជាតិជាមួយរុស្ស៊ីក៏ដូចជាបានស្នើឱ្យនាយក FBI លោក James Comey បិទការស៊ើបអង្កេតលើអតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Michael Flynn ជុំវិញរឿងអាស្រូវទំនាក់ទំនងជាមួយទីក្រុងមូស្គូ។
លោក Al Green បានលើកឡើងដូច្នេះថា៖ «នៅថ្ងៃនេះ ខ្ញុំស្នើឱ្យលោកប្រធានសភា អំពាវនាវឱ្យមានការទម្លាក់ប្រធានាធិបតីអាមេរិកចេញពីតំណែង សម្រាប់ការបង្កជាឧបសគ្គដល់ការស្វែងរកយុត្តិធម៌»។
គួរបញ្ជាក់ថា ការចង់ទម្លាក់លោក ដូណាល់ ត្រាំ ពីតំណែងមិនមែនជា រឿងងាយស្រួលនោះឡើយ ដោយសាសហរដ្ឋអាមេរិកកាន់របបប្រធានាធិបតីនិយម បើទោះជាការស្ទង់មតិធ្វើឡើងដោយ Public Policy Polling អ្នកបោះឆ្នោតអាមេរិក៤៨ភាគរយ ជឿជាក់ថា លោកត្រាំ គួរតែត្រូវបានទម្លាក់ពីតំណែង៕