ព្យុចសែល ៖ ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមដ៏ល្បីរបស់ពិភពលោក Facebook ត្រូវបានគណៈកម្មការនៃសហភាពអឺរ៉ុបពិន័យជាទឹកប្រាក់ចំនួន១១០លានអឺរ៉ូ ដែលស្មើនឹង១២២.៥លានដុល្លារសហរដ្ឋអាមេរិក។
ការសម្រេចពិន័យក្រុមហ៊ុនយក្សមួយនេះត្រូវបានធ្វើឡើងកាលពីម្សិលមិញ ដោយជាប់ពាក់ព័ន្ធការផ្តល់ព័ត៌មានធ្វើឲ្យយល់ខុស នៅអំឡុងការស៊ើបអង្កេត របស់គណៈកម្មការនេះ ជុំវិញការទិញសិទ្ធិគ្រប់គ្រងរបស់ Facebook លើកម្មវិធី WhatsApp កាលពីប៉ុន្មានឆ្នាំមុន។ នេះបើយោងតាមការទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Sputnik។
នេះជាលើកទី២ហើយដែលក្រុមហ៊ុនបណ្តាញទំនាក់ទំនងដ៏ពេញនិយមរបស់ពិភពលោកមួយនេះ ដោយកាលពីថ្ងៃមុន គណៈកម្មការជាតិបារាំងទទួលបន្ទុកផ្នែកព័ត៌មានវិទ្យា និងសិទ្ធសេរីភាព ក៏បានពិន័យ Facebook ជាប្រាក់១៦៥,៦០០ដុល្លារផងដែរ សម្រាប់ការល្មើសច្បាប់រក្សាការពារទិន្ន័យ។ទន្ទឹមនឹងនេះកាលពីថ្ងៃសុក្រសប្តាហ៍ មុនវិញនោះ WhatsApp បានទទួលរងការពិន័យប្រមាណជាងបីលានដុល្លារ ដោយអាជ្ញាធរប្រកួតប្រជែងអ៊ីតាលី ក្រោមបទចោទប្រកាន់ថា កម្មវិធីនេះ បានបង្ខំអ្នកប្រើប្រាស់ឲ្យចែករំលែកទិនន្ន័យផ្ទាល់របស់ពួកគេជាមួយបណ្តាញសង្គម Facebook៕