ថៃ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​១០​នាក់​ដែល​ចូលទៅ​កាប់​ឈើ​គ្រញូងមកស្រុកវិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 May, 2017 ក+ ក-

ខេត្តបន្ទាយមានជ័យ ៖ ពលរដ្ឋ​ខ្មែរ​១០​នាក់​ក្នុងចំណោម​១៩​នាក់​ដែល​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​ពេល​ចូលទៅ កាប់​ឈើ​គ្រញូង​ក្នុង​ដី​ថៃ​នោះ​ត្រូវបាន​ដោះលែង​វិញ​ហើយ ក្រោយ​មានការ​អន្តរាគមន៍​ពី​មន្ត្រី​ស្ថាន​អគ្គ​កុងស៊ុល​ខ្មែរ​នៅ​ខេត្ត​សា​កែវ​។​
​សូម​ជំរាប​ថា​ពលរដ្ឋ​ខ្មែរ​ទាំង​១០​នាក់ ត្រូវបាន​ដោះលែង​នៅ​ម៉ោង ៣​រសៀល​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៧​នេះ ជាមួយនិង​ការបង់​ផាកពិន័យ​ក្នុង​ម្នាក់ៗ ២៥០០​បាត ពីបទ​ឆ្លងដែន​ខុសច្បាប់​។ ពលរដ្ឋ​ខ្មែរ​ទាំង​១០​នាក់​នេះ ដែល​សុទ្ធតែជា​អ្នក​ខេត្តបន្ទាយមានជ័យ ត្រូវ​អាជ្ញាធរ​ថៃ​បញ្ជូនមក​កម្ពុជា​វិញ តាម​ច្រកទ្វារ​អ​ន្ថ​រ​ជាតិ​ប៉ោយប៉ែត កាលពី​វេលា​ម៉ោង​៩​យប់មិញ​នេះ​។​
​សូមបញ្ជាក់ថា ពលរដ្ឋ​ខ្មែរ​ទាំង ១០​រូបនេះ ត្រូវបាន​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៤ ខែឧសភា កន្លងទៅនេះ ពេល​ពួកគេ​ឆ្លងដែន​ទៅ​កាប់​ឈើ​គ្រញូង នៅក្នុង​ស្រុក​មឿង​សា​កែវ ខេត្ត​សា​កែវ​។ មន្ត្រី​ស្ថាន​អគ្គ​កុងស៊ុល​ខ្មែរ​នៅ​ខេត្ត​សា​កែវ ក៏​កំពុង​ជួយ​អន្តរាគមន៍​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ ៩​នាក់​ផ្សេងទៀត​ផងដែរ​៕

18600950_1877561689149059_547055949_n