គ​.​ជ​.​ប ហាម​សារព័ត៌មាន​ផ្សព្វផ្សាយ​ពាក់ព័ន្ធ​ការឃោសនា​មុន​ការបោះឆ្នោត​មួយថ្ងៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 May, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ហាម​មិន​ឲ្យ​ស្ថាប័ន​សរ​ព័ត៌មាន​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការឃោសនា ឲ្យ​គណបក្សនយោបាយ​ណាមួយ​ឡើយ នៅក្នុង​អំឡុង​ពល​មុន​បោះឆ្នោត​មួយថ្ងៃ ពោលគឺ​រយះពេល​២៤​ម៉ោង​មុន​ការបោះឆ្នោត​។​
​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប ថ្លែងថា ក្នុង​រយៈពេល​២៤​ម៉ោង នៅ​ថ្ងៃទី​០៣ ខែមិថុនា ដែលជា​ថ្ងៃ «​ស​» នោះ អង្គភាព​សារព័ត៌មាន ស្ថានីយ៍​វិទ្យុ ទូរទស្សន៍ ក៏ដូចជា​គណបក្សនយោបាយ​ទាំងអស់ មិនត្រូវ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​មធ្យោបាយ​របស់ខ្លួន ពាក់ព័ន្ធ​នឹង​ការឃោសនា​ពី​កម្មវិធី​នយោបាយ ឬ​គាំទ្រ​គណបក្ស​ណាមួយ​ឡើយ​។​
​អ្នកនាំពាក្យ​រូបនេះ​បាន​ទទូចថា អ្នកសារព័ត៌មាន​មិនត្រូវ​ទទួល​សំណូក និង​លំអៀង​ទៅរក​ភាគី​ណាមួយ​ឡើយ ហើយ​កុំ​ភ្លេចខ្លួន​ប្រាសចាក​ពី បទ​ប្បញ្ញត្តិ​ច្បាប់​ឲ្យ​សោះ ពីព្រោះ​ក្នុង​ទិដ្ឋភាព​ច្បាប់ គឺមាន​ការដាក់ទោសទណ្ឌ ប្រសិនបើ​មានការ​ធ្វេសប្រហែស នោះ​នឹងធ្វើ​ឲ្យ​បាត់​អព្យាក្រឹតភាព និង​កិត្តិយស​របស់ខ្លួន ក្នុងការ​បំពេញ​តួនាទី​ជា​អ្នកព័ត៌មាន​។​
​អ្នកនាំពាក្យ​រូបនោះ​បញ្ជាក់ថា ប្រសិនបើ អង្គភាព​សារព័ត៌មាន​ណា ដែល​អនុវត្ត​ការផ្សព្វផ្សាយ​របស់ខ្លួន ប្រាសចាក​ពីបទ​បញ្ជា និង​ផ្ទុយ​ពីបទ​ប្បញ្ញត្តិ​ច្បាប់ នៅ​អំឡុងពេល​ឃោសនាបោះឆ្នោត គ​.​ជ​.​ប មាន​វិធានការ​៣​ជំហាន រួមមាន​៖ ជំហាន​ទី​១. គ​.​ជ​.​ប នឹងធ្វើ​លិខិត​រំឭក​ណែនាំ​ដល់​ស្ថានីយ៍​នោះ​, ទី​២.​ផាកពិន័យ​ជា​ថវិកា​ចាប់ពី ៥​លាន ទៅ ២០​លាន​រៀល និង​ទី​៣. គ​.​ជ​.​ប នឹង​សហការ​ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ធ្វើការ​ផ្អាក​ផ្សាយ​ចំពោះ​ស្ថានីយ៍​នោះ​តែម្ដង ៕

fn-2017-05-18-14-33-59-1fn-2017-05-18-14-33-59-2