រាជធានីភ្នំពេញ ៖ កម្មករម្នាក់ដែលសម្លាប់មេការរបស់ខ្លួន ព្រោះតែជំពាក់លុយ៤ម៉ឺនរៀល ត្រូវបានតុលាការក្រុងភ្នំពេញ ប្រកាសសាលក្រមដោយផ្តន្ទាទោសដាក់ពន្ធនាគាររយះពេល១០ឆ្នាំ ។
ជនជាប់ចោទ ឈ្មោះ ឈិត បូរី អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅ ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ ។ ជនជាប់ចោទ ធ្លាប់បានសារភាពថា ខ្លួនពិតជាបានវាយមេជាងចំនួន៣ដំបងបណ្តាលឲ្យស្លាប់ពិតប្រាកដមែន ព្រោះតែជំពាក់លុយ៤ម៉ឺនរៀល ហើយមិនសង ខណដែលជនដៃដល់សួរនាំក៏ទាត់ជនដៃដល់មួយជើង ។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ នៅការដ្ឋានសាងសង់ផ្ទះល្វែងផ្លូវបេតុង ភូមិសំបួរសង្កាត់ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ចំណែកជនរងគ្រោះឈ្មោះ គា ហ៊ន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរមេជាងសំណង់ ស្នាក់នៅការដ្ឋានសំណង់ខាងលើ (ស្លាប់) ភាគីដើមបណ្តឹងទាមទារសំណងជំងឺចិត្ត ពីជនជាប់ចោទលើទឹកប្រាក់ចំនួន៣០០០ដុល្លារ។
សវនាការតំណាងអយ្យការលោក ស៊ិន វីរៈ ព្រះរាជអាជ្ញារង បានធ្វើសេចក្តីសន្និដ្ឋាន និងនៅតែរក្សាការចោទប្រកាន់ជនជាប់ចោទ ពិតជាមានចេតនាក្នុងអំពើឃាតកម្ម ហើយបានស្នើសុំឲ្យតុលាការផ្តន្ទាទោស ជនជាប់ចោទតាមច្បាប់កំណត់៕