ខេត្តក្រចេះ ៖ អភិបាលខេត្តក្រចេះ លោក សរ ចំរុង បានមានប្រសាសន៍ថា ការបំប៉នសមត្ថភាពកងកម្លាំងនគរបាល ជាកត្តាចំបាច់មិនមែនជាការគំរាមគំហែងផ្នែកនយោ បាយនោះទេ ព្រោះវាជាកាតព្វកិច្ចរបស់កងកម្លាំងនគរបាលជាតិក្នុងភារកិច្ចការងារការពារសន្តិសុខសណ្តាប់ធ្នាប់សង្គមក៏ដូចជាប្រជាពលរដ្ឋ។
មានប្រសាសន៍លើកឡើងនៅក្នុងពិធីបិទវគ្គកងអន្តរាគមន៍ ពិសេសរបស់នគរបាលនៃស្នងការដ្ឋានដែលមានសិក្ខាកាមចំនួនជាង១រយនាក់ និងបានទទួលការហ្វឹកហាត់មានរយៈពេលជាង១ខែមកនេះ និងត្រូវធ្វើពិធីបិទនៅល្ងាចថ្ងៃទី១៩ ខែឧសភា ។
អភិបាលខេត្ត ក្រចេះលោក សរ ចំរុង បានមានប្រសាសន៍កោតសសើរ លើកទឹលចិត្ត ដល់កងកម្លាំង នគរបាលខេត្ត ពិសេសលោកឧត្តមសេនីយ៍ លន់ សុផាត ស្នងការនគរបាលខេត្ត ក៏ដូចជា លោកស្នងការរងទទួលគ្រប់គ្រងវគ្គ បានខិតខំអស់កម្លាំងកាយចិត្តជម្រុញដល់ការហ្វឹកហ្វឺន របស់កងកម្លាំងនគរបាលខេត្តរហូតទទួលបានជោគជ័យគួរជាទីមោទនៈ។
បើតាមការមានប្រសាសន៍លើកឡើងរបស់ លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត បានឲ្យដឹងថា វគ្គហ្វឹកហ្វឺនកងអន្តរាគមន៍ពិសេសនេះបានដំណើរការហ្វឹកហ្វឺនមានរយៈពេល៤៥ថ្ងៃ ក្នុងនោះមានសិក្ខាកាមជានគរបាលមកពីតាមបណ្តារស្រុក-ក្រុង និងស្នងការដ្ឋានមានចំនួន១០០នាក់ គ្រូឧទ្ទេសចំនួន៩នាក់ មាន៣នាក់ជាគ្រូ មកពីអគ្គស្នងការនគរបាលជាតិ។
លោកឧត្តមសេនីយ៍ទោ លន់ សុផាត បានបញ្ជាក់ឲ្យដឹងទៀតថា ចំពោះមេរៀនដែលបានហ្វឹកហ្វឺនរួមមាន វិន័យកងកម្លាំងនគរបាលជាតិ លំហាត់របៀប កាយវិការសម្រាកប្រុង មានខែល កាយវិការលើកខែល ដាក់ខែល កាយវិការគោះខែលគំរាមបាតុករ កាយវិការជំហរទាបខ្ពស់មនខែល កាយវិការវាយបីដំណាក់កាលមានខែល កាយវិការទប់ទល់បាតុកម្មវរសេនាតូចមានខែល យុទ្ឋវិធីរបស់បុគ្គលមានអាវុធអាការ៤៧ និងក្បាច់គុណតៃក្វាន់ដូរ។
លោកឧត្តមសេនីយ៍ស្នងការបានលើកឡើងថា បើទោះអាកាសធាតុប្រែប្រួល ពេលខ្លះក្តៅពេលខ្លះភ្លៀង ផុងដីទីលានមិនកើត ប្តូមកហ្វឹកហាត់នៅទីលានបេតុងវិញ។តែសិក្ខា កាមនៅតែព្យាយាមអំណត់អត់ធុន ហាត់លូនក្រាប ដែលបណ្តាលឲ្យគ្រោះថ្នាក់លើរាង្គកាយតិចតួចរហូតទទួលបាននិទ្ទេសល្អ ចំនួន៦០នាក់ និទ្ទេសបង្គួរចំនួន២២នាក់ និងនិទ្ទេសមធ្យម ចំនួន១៤នាក់។
មានប្រសាសន៍សំណេះសំណាលទៅកាន់សិក្ខាកាម នៅក្រោយការធ្វើលំហាត់របៀប យ៉ាងស្ទាត់ជំនាញទៅតាមកម្មវិធីសិក្សា នៅថ្ងៃបញ្ចប់វគ្គអភិបាលខេត្តក្រចេះ លោក សរ ចំរុង បានសម្តែង ការកោតសសើរដល់នគរបាលជាសិក្ខាកាម ដែលបានខឹតខំហាត់ពុទលុតដំក្នុងភាពក្រាញ ននាលយកចំណេះពីគ្រូឧទ្ទេស។ ដោយលោកអភិបាលខេត្ត រំពឹងថា កងកម្លាំងនគរបាលជាសិក្ខាកាមនៃកងអន្តរាគមន៍ពិសេស ពិតជាយកចំណេះដឹងទាំងនេះ សម្រាប់បម្រើសន្តិសុខសណ្តាប់សង្គម ពិសេសសុខសុវត្ថិភាពជូនដល់ពលរដ្ឋ៕