រាជធានីភ្នំពេញ ៖ ក្រោយការបញ្ជាយ៉ាងម៉ឺងម៉ាត់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជការកងរាជអាវុធហត្ថលើផ្ទៃប្រទេសជំនាញអាវុធហត្ថរាជធានីភ្នំពេញសហការីជាមួយស្នងការយុត្តិធម៌ នៃស្នងការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមជាមួយអាវុធហត្ថខេត្តកំពង់ឆ្នាំង តាកែវ ពោធិ៍សាត់ បន្ទាយមានជ័យ និងបាត់ដំបងបានស្រាវជ្រាវកំណត់មុខសញ្ញា និងតាមប្រមាញ់ជនសង្ស័យ ពីខេត្តមួយទៅខេត្តមួយ រហូតដល់ឃាត់ខ្លួនបាននៅចំណុចភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧។
ជនដៃដល់ឈ្មោះ រស់ រីម អាយុ២៨ឆ្នាំ ត្រូវជាបងប្អូនជីដូនមួយ ជាមួយប្តីជនរងគ្រោះដែលស្លាប់ និងធ្លាប់ស៊ីឈ្នួលបើករថយន្តដឹកបន្លែ ឲ្យជនរងគ្រោះពីស្រុកស្អាង ខេត្តកណ្តាល មកភ្នំពេញ។
ក្នុងអំឡុងខែមេសា ឆ្នាំ២០១៧ ជនសង្ស័យបានឈប់ស៊ីឈ្នួល បើករថយន្តឲ្យជនរងគ្រោះ ព្រោះគ្មានបន្លែដឹក។ រហូតដល់ដើមខែឧសភា ឆ្នាំ២០១៧ ដោយជនសង្ស័យអត់ការងារធ្វើ រកចំណូលមិនបាន និងធ្លាប់គុំគួនជាមួយជនរងគ្រោះ ដែលតែងតែជេរប្រទិច បណ្តាស់សារូបគេ កាលនៅស៊ីឈ្នួលបើករថយន្តឲ្យផងនោះ ជនសង្ស័យក៏រៀបគម្រោងជាមួយដៃគូម្នាក់ទៀត ឈ្មោះ ផាត ពេជ្រ អាយុ១៦ឆ្នាំ ដែលជាអ្នកធ្លាប់ស៊ីឈ្នួលជាមួយគ្នា ដើម្បីសម្លាប់ជនរងគ្រោះ និងប្លន់យកទ្រព្យសម្បត្តិ។
បច្ចុប្បន្នជនដៃដល់ឈ្មោះ រស់ រីម កំពុងត្រូវបានអាវុធហត្ថរាជធានីភ្នំពេញកសាងសំណុំរឿងបញ្ជូន ទៅតុលាការនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ស្អែក ដើម្បីផ្តន្ទាទោសតាមច្បាប់ ខណៈដែគូម្នាក់ឈ្មោះ ផាត ពេជ្រ កំពុងត្រូវបានកម្លាំងសមត្ថកិច្ច អាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវតាមចាប់ខ្លួនជាបន្ត។
គួររម្លឹកថា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ ស្ត្រីកូនខ្ចី២ខែម្នាក់ត្រូវបានគេសម្លាប់យ៉ាងអាថ៌កំបាំង ដោយរឹត.កយ៉ាងសាហាវព្រៃផ្សៃ ថែមទាំងបាត់ទូដែក១ នៅផ្ទះលេខ១២ ផ្លូវ២០k ក្រុមទី៨ ភូមិចំការឳឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ៕