រាជធានីភ្នំពេញ ៖ នាវេលាម៉ោង៨ និង០០នាទីយប់ថ្ងៃទី២១ ខែឧសភានេះ សពវីរៈជនកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជាក្រោមទង់អង្គការសហប្រជាជាតិ ៤រូប ដែលបានពលីជីវិតព្រោះតែការបាញ់ប្រហាររបស់ក្រុមឧទ្ទាម នៅប្រទេសអាហ្វ្រិកកណ្តាលនោះ បានដឹកមកដល់មាតុភូមិហើយ ក្រោមសម្រែកនៃភាពសោកសៅ យ៉ាងក្រៃលែងពីក្រុមគ្រួសារ និងថ្នាក់ដឹកនាំប្រទេសកម្ពុជាសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធដទៃទៀត ។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ, ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រុមគ្រួសារ និងកងកម្លាំងប្រដាប់អាវុធជាច្រើននាក់ផ្សេងទៀត បានអញ្ជើញទៅទទួល និងគោរពវិញ្ញាណក្ខន្ធ័ដល់សពវីរៈជនទាំង៤រូប នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។
សពវីរៈជនទាំង៤រូបនេះ ត្រូវបានបញ្ជូនទៅរៀបចំធ្វើពិធីបុណ្យនៅតាមគេហដ្ឋានរៀងៗខ្លួននៅក្នុងរាជធានីភ្នំពេញ សៀមរាប ពោធិ៍សាត់ និងខេត្តស្វាយរៀង ដោយមានការហែរហមតាមផ្លូវដោយកម្លាំងអាវុធហត្ថជាច្រើននាក់ និងកម្លាំងនគរបាលផងដែរ។
សម្តេច ហ៊ុន សែន បានចាត់ទុកការបាត់បង់ជីវិតរបស់កងកម្លាំងទាំង ៤រូបនេះ គឺជាការបាត់បង់ដ៏ធំធេងមួយរបស់ជាតិមាតុភូមិ ហើយបានចាត់ទុកការពលី របស់ពួកគេ ជាការពលីប្រកបដោយកិត្តិយសសម្រាប់ជាតិមាតុភូមិ និងជាវីរៈជនដ៏អង់អាចក្លាហ៊ានរបស់កងទ័ពកម្ពុជា៕