ការបណ្តេញ​លោក Alejandro ពី​កម្ពុជា​គឺជា​ការអនុវត្ត​ច្បាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 February, 2015 ក+ ក-

ភ្នំពេញ​៖ ការបណ្តេញ​លោក Gonzalez Davidson Alejandro បានធ្វើ​ឡើង​ដោយ​ពុំមែន​ប្រឆាំង​ចំពោះ​សកម្មជន​បរិស្ថាន​នោះទេ គឺជា​ការអនុវត្ត​ច្បាប់​របស់​ប្រទេស​កម្ពុជា​។​នេះ​បើតាម​លោក​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​នៅក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ​កាលពី​ថ្ងៃ​២៦​កុ​ម្ភះ​។​

ការ​ថ្លែង​បែបនេះ បាន​ធ្វើឡើង​បន្ទាប់ពី​មានការ​លើកឡើងថា រដ្ឋាភិបាល​កម្ពុជា បាន​ប្រឆាំង​ចំពោះ វត្តមាន លោក Alejandro ជនជាតិ​អេ​ស្ប៉ា​ញ សកម្មជន​ការពារ​បរិស្ថាន ច្រើនជាង​បញ្ហា​ទិដ្ឋាការ អស់​សុពលភាព​។​
​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មានប្រសាសន៍​ក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ ស្តីពី​ការជួញដូរ​កុមារ ដែល​ធ្វើឡើង​សណ្ឋាគារ​សុខា​ភ្នំពេញ នា​ថ្ងៃទី​២៦ ខែកុម្ភៈ​ថា ការបណ្តេញ​លោក Alejandro គឺ​មិនមែន​ជាការ​ប្រឆាំងនឹង​សកម្មជន ការពារ​បរិស្ថាន​ឡើយ​។​លោក​បន្តថា ការបណ្តេញ លោក Gonzalez Davidson Alejandro គឺ​បាន​ធ្វើឡើង​តាមច្បាប់​របស់​កម្ពុជា​។​

​សូម​រំ​ឮ​កថា លោក Gonzalez Davidson Alejandro ជា​អនុប្រធាន​អង្គការ​មាតា​ធម្មជាតិ កើត​នៅ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​១៩៨០ កាន់​លិខិតឆ្លងដែន XDA 198043 ។ លោក​បាន​ចូលមក​ស្នាក់នៅ​កម្ពុជា ប្រមាណ ជាង​១០​ឆ្នាំ​មកហើយ​។ កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៤ កន្លងមក លោក Alejandro រួមជាមួយ សមាជិក​របស់ខ្លួន​បាន​ប្រឈម និង​ការចាប់ខ្លួន ដោយសារ​ការដាក់​រថ​យន្ត​រារាំង សកម្មភាព​របស់ អាជ្ញាធរ​ចម្រុះ​។​

​គួរ​បញ្ចាក់​ដែរ​ថា សមត្ថកិច្ច នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បាន​ចាប់ខ្លួន​លោក Gonzalez Davidson Alejandro ជា​ជនជាតិ​អេ​ស្ប៉ា​ញ កាលពី​រសៀល​ថ្ងៃ​ចន្ទ ទី​២៣ ខែកុម្ភៈ បន្ទាប់ពី ទិដ្ឋាការ​របស់លោក Alejandro អស់​សុពលភាព​ក្នុងការ​ស្នាក់នៅ​ប្រទេស​កម្ពុជា ចាប់តាំងពី ថ្ងៃទី​២០ ខែកុម្ភៈ​មកម្ល៉េះ ហើយ​ក្រសួងមហាផ្ទៃ​បានសម្រេច​បណ្ដេញ​លោក Gonzalez Davidson Alejandro ចេញពី​ប្រទេស​កម្ពុជា នៅ​យប់​ថ្ងៃ​ដដែល​នោះ តាម​ជើងយន្តហោះ​៕

mk11