ខេត្តកណ្តាល ៖ សពយុវជនម្នាក់ត្រូវបានគេប្រទះឃើញអណ្តែតមាត់ច្រាំងទន្លេបាសាក់បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ច ដែលករណីនេះកើតឡើងនៅវេលាម៉ោង០៧ និង០០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចមាត់ច្រាំងទន្លេបាសាក់ ស្ថិតក្នុងភូមិលេខ៤ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហេង សុវណ្ណច័ន្ទដារ៉ា ភេទប្រុស អាយុ១៨ឆ្មាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅបច្ចុប្បន្ននៅភូមិលេខ៤ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល(ស្លាប់)។ ប្រភពបន្តថា នៅថ្ងៃទី២១ ខៃឧសភា ឆ្នាំ២០១៧ វេលាម៉ោង ១៤ និង០០នាទី ជនរងគ្រោះឈ្មោះ ហេង សុវណ្ណច័ន្ទដារ៉ា បានដើរបាត់ពីផ្ទះគ្មានបានផ្ដល់ព័ត៌មានអោយក្រុមគ្រួសារដឹងទេ។ លុះបាត់យូរក្រុមគ្រួសារមិនឃើញជនរងគ្រោះ វិលត្រឡប់មកផ្ទះវិញក៏បាននាំគ្នាដើររក តែរកមិនឃើញ លុះដល់ថ្ងៃទី ២២.០៥.២០១៧ វេលាម៉ោង ០៧ និង០០នាទី ត្រូវបានប្រជាពលរដ្ឋរស់នៅភូមិ ឃុំ ជាមួយគ្នាប្រទះឃើញ នៅចំណុចមាត់ច្រាំង ទន្លេបាសាក់ ភូមិលេខ៤ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល ហើយបានរាយការណ៍ មកកំលាំងសមត្ថកិច្ច នគរបាលប៉ុស្ដិ៍ស្វាយរលំ ភ្លាមនោះកំលាំងប៉ុស្ដិ៍នគរបាលស្វាយរលំ បានចុះមកដល់កន្លែងកើតហេតុ ហើយបានរាយការបន្ដទៅកំលាំងជំនាញ អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីស្រាវជ្រាវបន្ដ។
ក្រោយការពិនិត្យរបស់កំលាំងជំនាញ គ្រូពេទ្យឃុំ មេភូមិ ក្រុមប្រឹក្សាឃុំធ្វើការពិនិត្យសាកសពដោយហ្មត់ចត់ ពុំមានឃើញស្នាកស្នាមអ្វីគួរឲ្យកត់សំគាល់ឡើយ គឺស្លាប់ដោយសារលង់ទឹកពិតមែន។ ក្រោយពិនិត្យរួចសពបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕