រាជធានីភ្នំពេញ ៖ កញ្ញា ធី សុវណ្ណថា អតីតអ្នកគាំទ្របក្សប្រឆាំង ( CNRP ) ផ្កាប់មុខបានចេញមុខប្រតិកម្មទៅនឹងក្រុមគាំទ្របក្សប្រឆាំងដែលបាននឹងកំពុងជេរនាងកប់ៗ មាត់ក្នុងរដូវឃោសនាបោះឆ្នោថា “ ជាខ្ញុំកញ្ចៈយួន ” ខណៈដែលនាងឈប់គាំទ្រគណបក្សមួយនេះ។
កញ្ញា ធី សុវណ្ណថា បានសរសេរនៅលើ Facebook របស់នាងកាលពីម្សិលមិញថា «កាលពីខ្ញុំគាំទ្រ CNRP ហៅខ្ញុំថា “ វីរៈនារី ” ពេលខ្ញុំឈប់គាំទ្រ CNRP បែរជាជេរខ្ញុំថា “ យួន ” ពួកអ្នកពិតជាថោកទាបណាស់។ ការសរសេរដូច្នេះធ្វើឡើងបន្ទាប់ពី Facebook អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ បានបង្ហោះរូបនាង ហើយសរសេរជេរ ថានាង ជា “ យួន ” ។ ទន្ទឹមនោះក៏មានអ្នកគាំទ្របក្សសង្គ្រោះជាតិបានសរសេរ Comment ជេរនាងក្នុង Facebook នាងដោយប្រើពាក្យអសុរសថែមទៀត ។»
កញ្ញា ធី សុវណ្ណថា តាមរយៈ Facebook របស់នាង ក៏បានទាមទារឲ្យលោក សម រង្ស៊ី លប់រូបឡានដែលជាកម្មសិទ្ធិរបស់នាងចេញពីរូបហែឃោសនាគណបក្សប្រឆាំង ដែលលោក សម រង្ស៊ី ផុសនៅក្នុង Facebook របស់លោក កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ ។ កញ្ញា ធី សុវណ្ណថា ថែមទាំងសរសេរថា យោងតាមច្បាប់កម្មសិទ្ធិឯកជន នាងខ្ញុំ ធី សុវណ្ណថា ស្នើលោក សម រង្ស៊ី លប់រូបឡានដែលជាកម្មសិទ្ធិរបស់នាងខ្ញុំចេញពីការឃោសនា CNRP ព្រោះនាងខ្ញុំមិនពេញចិត្ត ឈប់គាំទ្រ CNRP ទៀតហើយ ដោយសារ CNRP មានមេដឹកនាំកម្សាក កុហក បោកប្រាស់រាស្ត្រ ល្មោភស្រី ញៀនល្បែង ពុករលួយ បក្សពួកនិយម..។
សូមជម្រាបថា លោក សម រង្ស៊ី កាលពីថ្ងៃទី១៨ ខែឧសភានេះ បានបង្ហោះក្បួនឃោសនាគណបក្ស សង្គ្រោះជាតិ កាលពីឆ្នាំ២០១៣ នៅលើ Facebook របស់ខ្លួន ខណៈដែលរូបភាពនោះមានជាប់រូបរថយន្តកញ្ញា ធី សុវណ្ណថា ដែលចូលរួមការឃោសនា អំឡុងពេលដែលនាងនៅគាំទ្រគណបក្សប្រឆាំងនៅឡើយ៕