ឡុងដ៏ ៖ អាជ្ញាធរអង់គ្លេសបាននិយាយថា ចំនួនអ្នក់ស្លាប់បានកើនឡើងដល់២២នាក់ហើយ ខណៈ មនុស្ស៥៩នាក់ផ្សេងទៀតបានរងរបួសក្នុងករណីវាយប្រហារភេរវកម្មបំផ្ទុះគ្រាប់បែកនៅកន្លែងប្រគុំតន្ត្រី Manchester Arena ស្ថិតភាគពាយ័ព្យនៃប្រទេស អង់គ្លេសកាលពីថ្ងៃចន្ទ។ នេះបើតាមសារព័ត៌មាន Russian Today ផ្សាយមុននេះបន្តិច។
ករណីខាងលើត្រូវបានអាជ្ញាធរអង់គ្លេសសង្ស័យថា ធ្វើឡើងដោយជនបំផ្ទុះគ្រាប់បែកអត្តឃាត និងចាត់ទុកថា គឺជាអំពើវាយប្រហារដោយភេវកម្មរហូតដល់ពួកគេបើកការសង្កេតលម្អិតវែងឆ្ងាយបន្តទៅទៀត គ្រាដែលពុំទាន់មានក្រុមណាមួយចេញទទួលខុសត្រូវនៅឡើយទេ។ ជុំវិញករណីវាយប្រហារនេះផងដែរនាយករដ្ឋមន្ត្រីអង់គ្លេស ក៏បានថ្កោល ទោសយ៉ាងខ្លាំង ហើយលោកស្រីក៏បានលប់ចោលការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជា បណ្ដោះអាសន្នទៀតផង។
គួរបញ្ជាក់ថា ករណីវាយប្រហារភេរវកម្មនេះ បានកើតឡើងនាវេលាម៉ោងប្រមាណជា១០ និង៣៥នាទីយប់ថ្ងៃចន្ទសប្តាហ៍នេះ (ម៉ោងក្នុងតំបន់កើតហេតុ) នៅមាត់ច្រកចេញខាងក្រៅកន្លែងប្រគុំតន្រី្តដែលមានសមត្ថភាពផ្ទុកអ្នកចូលរួមបានដល់ទៅ២១,០០០នាក់នេះ ស្របពេលដែលមនុស្សម្នាជាច្រើនជាពិសេសយុវវ័យបានចាកចេញមកវិញ៕