ខេត្តកំពង់ឆ្នាំង ៖ យ៉ាងហោចមនុស្សម្នាក់បានស្លាប់ និង៣នាក់រងរបួសធ្ងន់ស្រាល ហើយត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ក្រោយហេតុការណ៍បាញ់ប្រហារមួយ ដែលគេសង្ស័យថា អាចជារឿងគំនុំ។ ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើងនៅវេលាម៉ោង៧ និង១៥នាទី យប់ថ្ងៃទី២៣ ខែឧសភា នៅក្នុងបរិវេណសង្កាត់រដ្ឋបាលព្រៃឈើក្ដុលសែនជ័យ ដែលស្ថិតក្នុងភូមិក្ដុល ឃុំក្ដុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
សេចក្ដីរាយការណ៍បានឲ្យដឹងថា ហេតុការណ៍បាញ់ប្រហារនេះ គេសង្ស័យថា ផ្ដើមចេញពីរឿងគំនុំរបស់ឈ្មួញរកស៊ី ដែលមានការគំគួនគ្នារហូតបង្កជាជម្លោះ ទើបបើកការបាញ់ប្រហារចេញពីសង្កាត់រដ្ឋបាលព្រៃឈើក្ដុលសែនជ័យ ហើយបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋចោមរោមមើល រហូតជនដៃដល់បាញ់ត្រូវប្រជាពលរដ្ឋម្នាក់ រងរបួសផងដែរ។
សេចក្ដីរាយការណ៍បញ្ជាក់ថា ជនរងរបួស និងស្លាប់ក្នុងហេតុការណ៍បាញ់ប្រហារនេះ មានទី១ឈ្មោះ សឹង ហាត ភេទប្រុស តួនាទីជាមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើក្រាំងស្គារ ឬក្ដុលសែនជ័យ បានស្លាប់។ ទី២ឈ្មោះ អ៊ុក ណាន់ ភេទប្រុស តួនាទីជាមេបញ្ជាការរងកងរាជអាវុធហត្ថស្រុកទឹកផុស (រងរបួស) ទី៣ឈ្មោះ ម៉ៅ សារ៉ាត់ ហៅតាលន ម្ចាស់ស្ថានីយ៍ដេប៉ូ តេលា និងជាប្រជាពលរដ្ឋរស់នៅទល់មុខសង្កាត់រដ្ឋបាលព្រៃឈើ (រងរបួស) និងទី៤ឈ្មោះ លូ គឹមលន ជាមន្ត្រីយោធា (រងរបួស)។
ពាក់ព័ន្ធករណីនេះដែរ អភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ឌឌឿន ប្រាប់ ឲ្យដឹងថា ហេតុការណ៍នេះ បានបណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ និងរបួស៣នាក់ ដែលកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ បែបណាក្ដី លោកអភិបាលខេត្ត ក៏បញ្ជាឲ្យកម្លាំងសមត្ថកិច្ចជំនាញចុះដល់កន្លែងហេតុ បើកការស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួនជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់៕