បន្ទាយមានជ័យ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីគេបានឃើញជនជាតិខ្មែរពីរនាក់ដែលត្រូវជាប្តី ប្រពន្ធ នឹងគ្នា បានចាក់សំលាប់គ្នានៅក្នុងបន្ទប់ស្នាក់នៅ រហូតឈាមដាបពេញបន្ទប់ បន្ទាប់ពីគេបានឮសំលេងឈ្មោះ ប្រកែកគ្នាមួយសន្ទុះរួចមក ដោយបញ្ហានេះនៅមិនទាន់មានសមត្ថកិច្ចណាមួយធ្វើការសន្និដ្ឋានអំពីមូលហេតុបានឡើយ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងប្រទេសថៃបានបញ្ជាក់ថា ហេតុការណ៍ ដែលបានកើតឡើង និងឈានដល់ការចាក់សំលាប់គ្នាបែបនេះ គឺនៅវេលាម៉ោង៦ព្រលប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចក្នុងបន្ទប់ស្នាក់នៅរបស់ពលករខ្មែរ ដែលស្ថិតនៅខាងក្រោយស្ថានីយ៍ប្រេងឥន្ធនៈសាត់កូ ផ្ទះលេខ៧០ ភូមិ៨ ឃុំតានដៀវស្រុកកែងខយ ខេត្តសារៈបុរី ប្រទេសថៃ ។
បើតាមការរៀបរាប់ពីសាក្សីមួយចំនួនដែលស្នាក់នៅបន្ទប់ក្បែរគ្នាបានអោយដឹងថា នៅមុនពេលកើតហេតុពួកគេបានឮប្តី ប្រពន្ធ ទាំងពីរនាក់នេះ មានការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងដែលពួកគេមិនដឹងថាដោយសារមូលហេតុអ្វីនោះទេ ហើយបន្ទាប់ពីសំលេងយំ ស្រែកបានស្ងប់ស្ងាត់ទើបពួកគេមានការសង្ស័យក៏រាយការទៅសមត្ថកិច្ចដើម្បីអោយចុះមកត្រួតពិនិត្យជាលទ្ធផលក៏បានប្រទះឃើញជនទាំងពីរនាក់ដេកស្លាប់នៅក្នុងថ្លុកឈាមអស់ទៅហើយ ។
ក្រោយពេលចុះត្រួតពិនិត្យ ក្រុមតម្រួតថៃបានអះអាងថា សពជនរងគ្រោះទាំងពីនាក់នេះ គឺជាប្តី ប្រពន្ធ នឹងគ្នា ដោយបានមកធ្វើការនៅក្នុងប្រទេសថៃជាយូរមកហើយ ដោយបុរសជាស្វាមីមានឈ្មោះ ម៉ី មឿន អាយុ៣៤ឆ្នាំ និងភរិយាឈ្មោះ ម៉ី មាសមល អាយុ៣០ឆ្នាំ អ្នកទាំងពីរមានស្រុកកំណើតនៅខេត្តតាកែវ ហើយក្រោយមកក៏បានមករស់នៅក្នុងសង្កាត់ទឹកថ្លា ក្រុងភ្នំពេញ។
សមត្ថកិច្ចថៃបានធ្វើការសន្និដ្ឋានជំហានដំបូងថា ក្រោយពីមានទំនាស់គ្នាយ៉ាងខ្លាំង និង មិនអាចរកវិធីដោះស្រាយបាន បុរសជាប្តីបានសម្រេចចិត្តប្រើប្រាស់កូនកាំបិតចិត្តផ្លែឈើអារ ក ប្រពន្ធស្លាប់ភ្លាមៗតែម្តង បន្ទាប់មកក៏បានប្រើប្រាស់កន្សែងចង ក ខ្លួនឯងទៅ នឹងកង្ហារពិដាន ប៉ុន្តែការធ្វើអត្តឃាតនេះមិនបានសម្រេច ទើបប្រើកូនកាំបិតដដែលចាក់ទៅលើខ្លួនប្រាណដើម្បីសំលាប់ខ្លួនរហូតបានសម្រេច ។បច្ចុប្បន្នក្រុមគ្រូពេទ្យជំនាញបាននាំយកសពទាំងពីរនាក់ប្តី ប្រពន្ធ ទៅពិនិត្យដើម្បីធ្វើ កោសល្យវិច្ច័យសារជាថ្មី និងត្រៀមរៀបចំទាក់ទងទៅស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ដើម្បីស្រាវជ្រាវរកសាច់ញាតិក្នុងការបញ្ជូនសពត្រឡប់មកកម្ពុជាវិញ នាពេលខាងមុខនេះ ។
រាល់បញ្ហាខាងលើនេះយើងមិនអាចទាក់ទង និងសុំការបំភ្លឺពីលោក ចំរើន ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំប្រទេសថៃបានទេ តាមរយៈទូរស័ព្ទកាលពីព្រឹកថ្ងៃទី២៤ ខែឧសភាឆ្នាំ២០១៧៕
ប្តីប្រពន្ធជនជាតិខ្មែរពីរនាក់ចាក់សំលាប់គ្នានៅប្រទេសថៃ