ដោយ ៖ បក្សីចាំក្រុង
ភ្នំពេញ ៖ យុវជនម្នាក់អាយុទើបតែ១៤សោះ តែអ្វីដែលលេចធ្លោះគួរឲ្យកត់សំគាល់នោះ ត្រង់ថាក្លាយខ្លួនបងធំមេដឹកនាំក្រុមសកម្មខាងដើរធ្វើសកម្មភាពលួចម៉ូតូ ទៅវិញ ត្រូវបានបាននគរបាលប៉ុស្តិ៍ចោមចៅបានសហការកម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ចាប់ខ្លួនបានបន្តបន្ទាប់ក្រោយពេល ធ្វើសកម្មភាពលួចម៉ូតូ បានសម្រេចកាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ នៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ហើយបានឃាត់ខ្លួនមេធំអាយុទើបតែ១៤ឆ្នាំ ត្រង់ចំណុច មុខផ្សារជម្ពូវ័ន ផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
យុវជនវ័យក្មេងខ្ចី ជាបងធំ ហើយជាមេខ្លោង ខាងដើរលួចមានឈ្មោះ នេត ឡេ អាយុ១៤ឆ្នាំ ជាមេដឹកនាំក្រុម មានទីលំនៅភូមិគោកបញ្ជាន់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ទី២ឈ្មោះ សុខ វណ្ណៈ ភេទ ប្រុស អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រកដ មានទីលំនៅ ភូមិគោកបញ្ជាន់ ។ ចំណែកបក្ខពួកម្នាក់ទៀត រត់គេចខ្លួនបាត់ មានឈ្មោះ ធូ ភេទប្រុស អាយុ១៥ឆ្នាំ ជានាយរងក្រុមដើរលួច ។
ចំណែកជនរងគ្រោះលើកចុងក្រោយនេះមានឈ្មោះ ហុង សុរិយា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងក្រសាំង សង្កាត់ង្រពាំងក្រសាំង ។ ដោយឡែកម៉ូតូដែលក្រុមសង្ស័យ ធ្វើសកម្មភាពលួច ម៉ាក MSX ពណ៌ក្រហម ពាក់ស្លាកលេខ ព្រៃវែង 1J-5649 ។
តាមនគរបាលបានឲ្យដឹងថា នៅវេលាម៉ោង២រំលងអាធ្រាតចូលថ្ងៃទី២៤ ខែឧសភា ក្រុមជនសង្ស័យ ដឹកនាំដោយមេក្លោង ឈ្មោះ នេត ឡេ នាំគ្នាទៅធ្វើសកម្មភាព ឆ្កឹះសោបន្ទប់ជួល ចូលកាច់សោកម៉ូតូMSX បានសម្រេចហើយ តែម៉ូតូធាក់មិនឆេះ ទើបពួកគេ នាំគ្នារុញ ម៉ូតូដល់ចំណុចមុខផ្សារជម្ពូវ័យ ស្របពេលដែល នគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង ប្រកាសតាមវិទ្យុទាក់ទង ជុំវិញករណី កាច់សោកម៉ូតូខាងលើ ទើបកម្លាំងប៉ុស្តិ៍ នគរបាលចោមចៅ ចេញពួកស្ទាក់ ហើយចាប់ឃាត់ខ្លួន បានបងធំវ័យក្មេងខាងលើម្នាក់ ដែលរត់អត់ទាន់គេ ចំណែក២នាក់ទៀត រត់គេចបាតជើងសព្រាត ទៅបាត់ ។ នគរបាលបន្តទៀតថា ក្រោយពីចាប់ខ្លួនបងធំដើរលួចខាងលើបាន នាំទៅសាកសួរនៅប៉ុស្តិ៍ត្រពាំងក្រសាំង លុះរហូតដល់វេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី២៤ ខែឧសភានេះ នាំបងធំទៅតាមចាប់ បក្ខពួកជាកូនក្រុមបានម្នាក់ទៀត នៅភូមិគោកបញ្ជាន់ សង្កាត់ចោមចៅ ហើយឆែកតកឃើញថ្នាំញៀនចំនួន៨កញ្ចប់តូច រីឯជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនបាត់ ។
តាមចម្លើយសារភាពផ្ទាល់ យុវជន ឈ្មោះ នេត ឡេ ដែលជាមេក្លោង បានឲ្យដឹងថា រូបគេអាយុទើប១៤ឆ្នាំ ធ្លាប់ដើរធ្វើសកម្មភាពលួចតាំងពីអាយុ១០ឆ្នាំមកម្លេះ ហើយចូលមកដល់ឆ្នាំ២០១៧ រូបគេក្លាយជាមេដឹកនាំក្រុម ខាងដើរលួច ធ្លាប់ធ្វើសកម្មភាពលួចកាច់សោកម៉ូតូបានសម្រេចចំនួន៣លើកមកហើយ លើកចុងក្រោយ បានសម្រេចហើយ ម៉ូតូអត់ឆេះ ត្រូវបាននគរបាលចាប់ខ្លួនបានតែម្តង ។ យុវជនខាងលើបានបញ្ជាក់ប្រាប់ឲ្យដឹងទៀតថា ម៉ូតូ ក្រោយពីលួចបាន យកទៅលក់នៅ ម្តុំផ្សារឃ្លាំងរំសេវ បានលុយ៣០០ដុល្លារ យកមកចែកគ្នា៣នាក់ និងទិញថ្នាំញៀនយកទៅជក់នៅក្នុងផ្ទះហ្គេមបាញ់ត្រី។
អ្វីដែលមិននឹកស្មានដល់ យុវជន នេត ឡេ បានអះអាង រៀបរាប់ពីសមាសភាពនិងតួរនាទីក្នុងក្រុមដើរលួច ថារូបគេជាមេដឹកនាំ ឈ្មោះ ធូ អាយុ១៥ឆ្នាំ ជានាយរងក្រុម បានរត់គេចខ្លួនបាត់ហើយ ចំណែក ជនសង្ស័យឈ្មោះ សុខ វណ្ណៈ ចាស់ជាងគេនេះ ជាកូនក្រុម មុខរបរពួកគេខាងដើរលួច មិនរើសមុខ ។
ជនសង្ស័យ ទាំង២នាក់ក្រោយពីឃាត់ខ្លួនបាន នាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅដើម្បី កសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ សាកសួរចាត់ការបន្តទៅតាមនីតិវិធី៕